ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងអូស្រ្តាលី បង្ហាញការព្រួយបារម្ភខ្លាំង ទៅលើច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ទៅលើហុងកុង

តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី នៅថ្ងៃពុធនេះ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តថ្មី របស់ប្រទេសចិន ទៅលើច្បាប់សន្តិសុខនៅហុងកុង ដែលត្រូវបានគេភ័យខ្លាចថា នឹងរឹតត្បិតសិទ្ធិមនុស្ស និងសេរីភាពនៅក្នុងទឹកដីនេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សម្ព័ន្ធមិត្តសន្តិសុខទាំងបី បានបញ្ជាក់ពីទស្សនៈនេះ នៅក្នុងកិច្ចប្រជុំមួយ តាមរយៈវីដេអូ របស់រដ្ឋមន្ត្រីការពារជាតិ រួមមាន លោកស្រី Linda Reynolds នៃប្រទេសអូស្ត្រាលី, លោក Taro Kono នៃប្រទេសជប៉ុន និងលោក Mark Esper របស់សហរដ្ឋអាមេរិក។

ប្រទេសជាច្រើន រួមទាំងប្រទេសទាំងបី បានសម្តែងការព្រួយបារម្ភ ចំពោះច្បាប់ដ៏ចម្រូងចម្រាស ដែលបានអនុម័តកាលពីសប្តាហ៍មុន ដែលផ្តោតលើការបំបែកបំបាក់ ការធ្វើវិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិត ជាមួយកម្លាំងបរទេស នៅក្នុងអតីតអាណានិគមអង់គ្លេស។

ជាក់ស្តែងជាមួយប្រទេសចិន ក្នុងចិត្តប្រមុខការពារជាតិទាំងបី ក៏បានបញ្ជាក់ជាថ្មីនូវ “ ការប្រឆាំងដ៏ខ្លាំងក្លា” របស់ពួកគេចំពោះការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ ដែលអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងបង្កើនភាពតានតឹង នៅសមុទ្រចិនខាងកើត និងខាងត្បូង ដែលចិន បានទាមទារកាន់តែខ្លាំងឡើង៕ ប្រែសម្រួលៈ ណៃ តុលា

To Top