ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមស្រឡាញ់ និងថែរក្សាការពារព្រៃឈើ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង។

តាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា។ បុណ្យរុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

សម្ដេចតេជោបន្ដថា បុណ្យរុក្ខទិវា ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូល រួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថាន ធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិត សត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះ ជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់»។

សូមរំលឹកថា ដោយសារហានិភ័យ នៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការរៀបចំ ព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យ គឺការរៀបចំពិធីរុក្ខទិវា ៩ កក្កដា ៕ ដោយ អេង ប៊ូឆេង

To Top