ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សម្ដេចតេជោ ឲ្យរៀបចំ សងថ្ងៃឈប់សម្រាក់ ជូនពលរដ្ឋវិញ ជាព័ត៌មានរដ្ឋបាល មិនទាន់យកជាផ្លូវការ

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចំពោះព័ត៌មានដែលបានបែក ធ្លាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសិក្សាអំពីលទ្ធភាព សងថ្ងៃឈប់សម្រាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ បន្ទាប់ពីបានផ្អាកការឈប់ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយសារតែវិបត្តិជំងឺកូវីដ១៩ គឺជាព័ត៌មានរដ្ឋបាលដែលមិនទាន់យកជាផ្លូវការ នោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកផៃ ស៊ីផាន បានថ្លែងថា មានព័ត៌មានលេចធ្លាយដែលជាព័ត៌មានរដ្ឋបាលថា សម្ដេចតេជោបានណែនាំដល់មន្រ្តីរួមការងារ ជាគណៈកម្មការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រៀបចំថ្ងៃឈប់សងពលរដ្ឋ។

លោកបន្តថា “សម្ដេចបានណែនាំគណៈកម្មាធិការនុង ក៏ប៉ុន្តែគួរសោកស្ដាយ ព័ត៌មាននេះជាព័ត៌មានរដ្ឋបាល ដើម្បីទទួលបាននូវការវាយតម្លៃ គណៈកម្មាធិការ។ដូច្នេះខ្ញុំមិនទាន់ចាត់ទុកថា ជាព័ត៌មានផ្លូវការនៅឡើយទេ ពីព្រោះសម្ដេចលោកមិនទាន់ប្រកាសប្រាប់ថា ថ្ងៃណានឹងចាប់ផ្ដើមនូវការឈប់សម្រាក់នោះទេ”។

អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ជាគោលការណ៍សម្ដេច បានណែនាំ នៅក្នុងការងាររដ្ឋបាល គឺសម្ដេចបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធឲ្យរៀបចំសងថ្ងៃឈប់សម្រាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការជាពិសេសកម្មកររោងចក្រ ឲ្យឈប់សម្រាកចំនួនប្រាំថ្ងៃ ដោយការសម្រាក់នោះគឺចាប់ផ្ដើមពីថ្ងៃច័ន្ទ-សុក្រ។

សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោ ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕ដោយ៖ធី លីថូ

To Top