ព័ត៌មានជាតិ

៦ចំណុច ដែលសាលាឯកជន ចំនួន២០ ឈានដល់ បើកដំណើរការ ឡើងវិញ នៅខែសីហាខាងមុខ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យ បើកសាលាឯកជនចំនួន ២០នៅក្នុងរាជធានីខេត្តចំនួន ៣ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវវិធានការ ចំនួន ៦ចំណុច ដល់សាលាឯកជន ទាំងនោះមុននឹងឈានដល់ បើកដំណើរការបង្រៀន។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០ថា ដើម្បីឈានដល់ការ ចុះអនុស្សារណៈយោគយល់គ្នា សាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ តាមស្មារតីលិខិត របស់ទីស្តីការគណ:រដ្ឋមន្ត្រី លេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បន្តណែនាំ ត្រួតពិនិត្យ វាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០ លើគោលការណ៍តម្រូវដូចខាងក្រោម ៖

១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាត សុវត្ថិភាព) ដោយត្រូវអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សា ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា ។

២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។

៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សារណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរ ការបណ្តោះអាសន្ន។

៤. គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារ សុវត្ថិភាពសុខភាពសិក្សា។

៥. ក្រសួងនឹងចេញ គោលការណ៍ណែ នាំស្តីពី លក្ខខណ្ឌតម្រូវ នៃការលើកកម្ពស់សុខភាពសិក្សា ក្នុងបរិបទកូវីដជាមូលដ្ឋានគោល សម្រាប់ការរៀបចំពិធីសារសុវត្ថិភាព សុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា ។

៦. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

យ៉ាងណាក្តីក្រសួងអប់រំ ក៏មិនទាន់បានដឹងពីដំណើរការ បើកសាលារដ្ឋឡើងវិញនៅថ្ងៃខែណានោះទេ ប៉ុន្តែក្រសួងថាផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្ត ដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហានបន្តបន្ទាប់ សម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣ ៕ ដោយ ស សំណាង

To Top