ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង បានថ្លែងប្រាប់ កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ធ្វើឲ្យបានដូចភ្លៀង រលឹម ដើម្បីស្វែងយល់ អំពីមូលដ្ឋាន ស្ដាប់ សំណូមពរ ស្តាប់កង្វល់ ស្តាប់បញ្ហាអ្វីដែលកើតឡើង នៅមូលដ្ឋានស្ដាប់ ហើយដោះស្រាយឲ្យ បានទាន់ពេលវេលា ។
លោកបានបន្តថា ក្នុងនាម គណៈបញ្ជាការ ឯកភាពខេត្ត សូមថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង ដែលកន្លងមកបានខិតខំ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរក្សា សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាពលរដ្ឋ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជានានា របស់រាជរដ្ឋាភិបាលការ និងបានចូលរួមចំណែកក្នុងការ ផ្សព្វផ្សាយវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្តល់ភាពកក់ក្តៅនិងជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងនគរបាលយើង។
លោកម៉ែន វិបុល បានថ្លែងទៀតថា កងកម្លាំងរបស់យើង មិនត្រឹមតែជាកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកងកម្លាំងគាំទ្រដ៏សំខាន់ ក្នុងការកសាងសមិទ្ធផលនានា ជាក់ស្ដែងអាគារធ្វើការថ្មីនៃអធិការដ្ឋាន នគរបាល ក្រុងស្វាយរៀង ដែលកំពុងរៀបចំសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ដោយកើតចេញពីការចូលរួមចំណែក ចែករំលែកសហការ និងសាមគ្គីភាពពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ដឹកនាំទាំង កងកម្លាំងនិងសប្បុរសជន វិស័យឯកជន ជាពិសេស លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង កន្លងមកលោកស្រី បានយកចិត្តទុកដាក់ដល់កម្លាំង និងបានជំរុញការរៀបចំកន្លែងធ្វើការ ឲ្យបានសមរម្យហើយក៏បានចូលរួមថវិកា យ៉ាងច្រើនក្នុងការកសាងអាគារ នៅតាមអធិការដ្ឋាននានា ក្នុងខេត្តស្វាយរៀងផងដែរ ។
លោកបានថ្លែងផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ត្រូវត្រូវយកចិត្តទុកដាក់ ជាពិសេសគឺនៅទីប្រជុំជន ដូចជានៅក្រុងស្វាយរៀង ក្រុងបាវិត ដែលក្រុងទាំងពីរនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ហើយ ក៏ជាទីតាំងមួយដែលប្រមូលផ្ដុំ ដោយសណ្ឋាគារ កាស៊ីណូ អាហារដ្ឋាន ភោជនីយដ្ឋានផ្ទះ សំណាក់និងផ្សារ កន្លែងកម្សាន្តផ្សេងៗ ដែលតម្រូវឱ្យសមត្ថកិច្ច យើងធ្វើការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរនិងមានជំនឿទុកចិត្តបាន ។
លោកក៏បានថ្លែង ជំរុញ ឱ្យកងកម្លាំងទាំងអស់ ត្រូវបន្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានខ្លាំងក្លា បន្តទៀត ដើម្បីដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នឹងត្រូវបង្កើនការបង្ក្រាប បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវបង្ក្រាបមុខសញ្ញាបងធំ បងតូច នៅមូលដ្ឋាន ដាច់ខាតគឺមិនឲ្យមានកើតឡើងទេ ។ មួយវិញទៀតចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវពិនិត្យមើលអំពីអត្ដសញ្ញាណកម្ម ជនក្រីក្រ មានក្រ១ ក្រ២ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេលកូវីត១៩ ដូច្នេះត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលក្រពិតប្រាកដដើម្បីធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋ ថ្នាំងថ្នាក់ឲ្យសោះ។
ក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងក្រុមការងារ បានប្រគល់អំណោយ មួយចំនួនដល់អធិការដ្ឋាន គរបាលក្រុងស្វាយរៀង និងបានដោះស្រាយសំណូមពរ មួយចំនួនរបស់អធិការដ្ឋាន ដែលបានស្នើរដល់រដ្ឋបាលខេត្ត ឲ្យជួយដោះស្រាយផងដែរ៕