ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ព្រមានប្រឆាំង ចំពោះការបំពានវាំង

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានព្រមានក្រុមបាតុករវ័យក្មេង ប្រឆាំងនឹងការរំលោភលើរបបរាជានិយម និងបានជំរុញពួកគេ ឱ្យនាំយកការព្រួយបារម្ភរបស់ពួកគេ ដាក់ទៅសភាវិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នៅពេលសួរ អំពីការតវ៉ារបស់និស្សិត នៅថ្ងៃសៅរ៍និងថ្ងៃច័ន្ទថា « ខ្ញុំមានការព្រួយបារម្ភ អំពីចលនាបែបនេះ ហើយខ្ញុំបានស្នើសុំឱ្យភ្នាក់ងារ ដែលពាក់ព័ន្ធប្រុងប្រយ័ត្ន។ ខ្ញុំយល់ពីពួកគេ និងចែករំលែក ការព្រួយបារម្ភ របស់ឪពុកម្តាយពួកគេ» ។

លោកបន្ថែមថា «សូមប្រយ័ត្នប្រយែង ឱ្យបានខ្លាំងបំផុតចំពោះការបំពាន។ ខ្ញុំគិតថាប្រជាជន នឹងមិនអត់អោន និងអនុញ្ញាតឱ្យវាកើតឡើងម្តងទៀតឡើយ។ តាមពិតវាមិនគួរកើតឡើង នៅក្នុងប្រទេសរបស់យើងទេ។ ខ្ញុំនឹងមិននិយាយច្រើនពីវាទេ ពីព្រោះខ្ញុំមិនចង់ធ្វើឱ្យវាក្លាយជាបញ្ហា។ ចំពោះសំណើទាំងបី ដែលពួកគេទាមទារ ពួកគេគួរតែបញ្ជូនសំណើទាំងនោះទៅសភា ដែលជាកន្លែង ដែលគណៈកម្មាធិការមួយ អាចត្រូវបានបង្កើតឡើង ដើម្បីពិចារណា ពីតម្រូវការរបស់ពួកគេ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top