ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាល​​ រាជធានីភ្នំពេញ ចុះដោះស្រាយសំណើរបស់ ពលរដ្ឋដែលសុំអន្តរាគមន៍ អាស្រ័យផល លើផ្ទៃបឹងសំរោង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញលិខិត មួយច្បាប់បញ្ជាឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើរ សុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​

វិធានការរបស់ក្រសួងមហាផ្ទៃ ធ្វើឡើង​ បន្ទាប់ពីប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានឈ្មោះចេង សុណាត , ឈូក សារ៉ុម , ម៉េង កៅ , លី គឹមហួ , លី សម្បត្តិនិង លី យ៉ាវ កាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២០កន្លងទៅនេះបានធ្វើលិខិតជូន មកក្រសួងមហាផ្ទៃស្នើសុំអន្តរាគមន៍ដើម្បីកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល លើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំង៦ គ្រួសារ បានអះអាងថា ពួកគាត់បានចិញ្ចឹមត្រីចំនួន១៤ស៊ង ស្មើនឹង១៤ទីតាំងចិញ្ចឹមត្រីដោយ មានលិខិតអនុញ្ញាតធ្វើវារីវប្បកម្មរបស់ រដ្ឋបាល ជលផលនិងបានកាន់កាប់ប្រើប្រាស់ អាស្រ័យផលតាំងពីឆ្នាំ ១៩៩៤រហូតមកដល់បច្ចុប្បន្ន។

ក្រោយមកក្រុមហ៊ុន ឡាយ ងី តំណាងដោយ ឈ្មោះ ចេន ហ្ស៊ី បានធ្វើសកម្មភាពចាក់ដីបំពេញនិងធ្វើរបងដោយសំអាងថា បានទទួលលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យចាក់បំពេញដីទំហំ១១៥.៦៦៤ ម៉ែត្រការ៉េ លើទីតាំងដូចមានក្នុងប័ណ្ណកម្មសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព.៧១០០២ , ភព.៧១០០៥ , ភព.៧១០០៧ , ភព.៧១០១១ , ភព.៧១០១២, ភព.៣៥.៨១០ , និងភព.៣៥៨១១ ដែលប័ណ្ណកម្មសិទ្ធិកាន់កាប់ទាំងនេះត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ស្ថិតនៅក្នុងផ្ទៃបឹងសំរោង ដែលត្រូវគ្រប់គ្រង និងការពារដោយច្បាប់ស្ដីពីជលផល និងច្បាប់ភូមិបាល។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ” ដោយពិនិត្យឃើញថា សំណើខាងលើស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ ហេតុនេះក្រសួង មហាផ្ទៃសូមបង្វែរករណីនេះជូន ឯកឧត្តម ពិនិត្យ និងដោះស្រាយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមានរួចធ្វើរបាយការណ៍អំពីលទ្ធផល សម្រេចបានជូនមកក្រសួងមហាផ្ទៃកុំបីអាន”។

ជាមួយគ្នានោះក្រោយសង្កេតឃើញមានការ ទន្ទ្រានកាន់កាប់និងចាក់ដីលុបបឹងព្រែកដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់ រហូតដល់បង្កឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២០បានប្រាប់ទៅកាន់គ្រប់ អភិបាលរាជធានីខេត្តឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។

សូមរំលឹកថាដើម្បីបំពេញ តម្រូវការស្បៀងក្នុងស្រុក ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនៃ ការរីករាលដាលជំងឺកូវី១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០បានចេញសេចក្ដីណែនាំ ហាមឃាត់កុំឲ្យមានការនាំចេញ ត្រីទៅក្រៅប្រទេស ខណៈជង្រុកចិញ្ចឹមត្រី នៅតំបន់បឹងព្រែកសំរោង ខណ្ឌព្រែកព្នៅ ត្រូវបានអាជ្ញាធរនិងក្រុមហ៊ុនមួយចំនួន ឃុបឃិតគ្នាចាក់លុបស៊ង ចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ យ៉ាងបំពាន និងអយុត្តិធម៌បំផុត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញ អនុក្រឹត្យលេខ ៦៥ អន ក្រ បក ចុះ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ កំណត់ដាក់ផ្ទៃបឹងសំរោងស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ( ពីមុន ) ខេត្តកណ្តាល បច្ចុប្បន្ន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាសម្បត្តិសាធារណៈ របស់រដ្ឋមានផ្ទៃសរុបចំនួន ៣៣៦ ហិកតា៕

To Top