ព័ត៌មានជាតិ

អូស្ដ្រាលីប្រកាស បន្តជួយដល់ វិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើផ្នែកបណ្ដុះពូជស្រូវនិងគ្រប់គ្រង សត្វល្អិត

ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្ដ្រាលី កំពុងជួយគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសជួយបណ្ដុះពូជ និងគ្រប់គ្រងសត្វល្អិតផ្សេងៗ ដើម្បីឈានទៅបង្កើនផលកសិកម្មស្រូវឲ្យកាន់តែច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក Pablo Chiho Kang មានប្រសា សន៍ថា «តាមរយៈអង្គការក្រៅរដ្ឋាភិបាលមកពីអូស្ដ្រាលី គឺកំពុងជួយគាំទ្រដល់វិស័យ កសិកម្មនៅ កម្ពុជាហ្នឹងនៅលើការ ធ្វើទំនើបកម្ម នៅការប្រើប្រាស់គ្រឿងយន្ដ ការបណ្ដុះពូជ និងការគ្រប់គ្រងសត្វ ល្អិតផ្សេងៗ ឈាន់ទៅបង្កើនផលកសិកម្មស្រូវនេះឲ្យកាន់តែច្រើន ក៏ដូចជា ជំរុញការនាំចេញអង្ករ ក្រអប់ ទៅកាន់អូស្ដ្រាលីឲ្យបានកាន់តែច្រើនដែរ»។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ដ្រាលី ដែលបានផ្ដល់ការគាំទ្រដល់ចាត់ បញ្ជូនអ្នកបច្ចេកទេសដំណើការកសាងច្បាប់ចំនួន២ រួមមាន ៖ទី១-ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រា ក់ និងហិរញ្ញប្បទានភេរវកម្ម និងទី២-ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធម ហាប្រល័យ ហើយច្បាប់ទាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះផងដែរ។

សម្ដេចក្រឡាហោម ចាត់ទុកចំពោះច្បាប់ទាំងពីរនេះ ព្រោះមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជា ការចូលរួមចំណែកជាមួយអន្ដរជាតិ ក្នុងការទប់ស្កាត់ ប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានស្នើឲ្យ អូស្ដ្រាលី បន្ដជួយពង្រឹងដល់សមត្ថភាពចំពោះនគរបាលប៉ុសិ៍្ត និងនគរបាលស្រុករបស់កម្ពុជាឲ្យកាន់តែមានប្រ សិទ្ធភាពបន្ថែមទៀត។

ជុំវិញបញ្ហាច្បាប់ទាំងពីរនេះ លោក Pablo Chiho Kang រីករាយដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវច្បាប់ទាំងពីរ។

លោកចង់ឃើញការអនុវត្តច្បាប់ទាំងពីរនេះ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ 

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានរំលឹកថា នាពេលកន្លង អូស្ដ្រាលី ក៏បានជួយកិច្ចការមួយចំនួនរបស់កម្ពុជា ជាពិសេស ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ គឺបានជួយទៅក្នុងវិស័យ សុខាភិបាល កសិកម្ម ជាដើម តាមរយៈអង្គការ ក្រៅរដ្ឋាភិបាលរបស់អូស្ដ្រាលី។

លោកបន្ដថា នៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ វិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ ឧស្សាហកម្ម ជាដើមពិតជាទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

លោក កោតសសើរ ចំពោះគោលនយោបាយ រាជ រដ្ឋាភិបាលកម្ពុជា ដែលជួយជំរុញលើកកម្ពស់វិស័យកសិកម្ម ក្នុងការធ្វើយ៉ាងណាជួយជំរុញបន្ថែមដល់ សេដ្ឋកិច្ចជាតិ នៅក្នុងស្ថានភាពជំងឺកូវីដ-១៩៕ដោយ ៖ អេង ប៊ូឆេង

To Top