បរទេស៖ ឯកសារមួយ ដែលបោះពុម្ពផ្សាយ ដោយក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសរុស្ស៊ី កំពុងតែពិចារណា កាត់បន្ថយចំណាយលើវិស័យយោធា ស្របពេលដែលតម្លៃប្រេង ធ្លាក់ចុះ និងវិបត្តិមេរោគកូរ៉ូណា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាខ្លាំង។
ក្រសួង តាមសេចក្តីរាយការណ៍ បានស្នើរដ្ឋាភិបាលឲ្យកាត់ការចំណាយ របស់រដ្ឋលើវិស័យយោធាចំនួន៥ភាគរយ នៅចន្លោះឆ្នាំ២០២១និងឆ្នាំ២០២៣ ហើយសំណើដែលចេញនៅថ្ងៃចន្ទនោះ ក៏រួមបញ្ចូលទាំងការកាត់កញ្ចប់ ថវិកាចំណាយ១០ភាគរយ សម្រាប់ប្រព័ន្ធតុលាការ សេវាកម្មប្រាក់បំណុលរុស្ស៊ី និងប្រាក់ឈ្នួលសម្រាប់មន្ត្រីរាជការ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលធ្លាប់តែបង្ហាញសាច់ដុំយោធា ជាមួយនឹងការយកតំបន់គ្រីមាពីប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ និងការធ្វើកិច្ចអន្តរាគមន៍ក្នុងជម្លោះស៊ីរីនោះ បានធ្លាក់ចេញពីបញ្ជីកំពូលប្រទេស ចំណាយលើយោធាច្រើនបំផុតទាំង៥ នៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីការចំណាយបានធ្លាក់ចុះចំនួន៣,៥ភាគរយ៕ ប្រែសម្រួល៖ប៉ាង កុង