ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ដខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានមកសួរសុខទុក្ខ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកគឺជាបញ្ញវន្តគម្រូមួយរូប ដែលបានសិក្សាស្រាវជ្រាវ និងបានបង្កើតស្នាដៃជាច្រើន ហើយចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមជាពិសេសលើវិស័យអប់រំ និងប្រវត្តិសាស្រ្ត សម្រាប់ជាពុទ្ធិដល់យុវជនជំនាន់ក្រោយ។ »

លោកបន្តថា លោកនិងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ឆាប់បានជាសះស្បើយ និងមានកម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍សារជាថ្មី ដើម្បីណែនាំ អប់រំ និងបង្ហាត់បង្ហាញកូនខ្មែរ ជំនាន់ក្រោយៗបន្តទៀត ។

សូមរំលឹកថា លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២០ និងបានធ្វើការវះកាត់ តសរសៃរឈាមបេះដូង ចំនួន៣កន្លែង ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ ៕

To Top