ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានស្នើសុំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ដោះស្រាយផល ប៉ះពាល់ជូនពួកគាត់ ក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះលើកទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងសំរោង កាលពីពេលកន្លងទៅ ។
សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសចេញនូវវិធានការ ការទប់ស្កាត់ នូវការរំលោភបំពានកាន់កាប់ ពីជនខិលខូច លើបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយសម្រេចចាក់ទំនប់ តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹង ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថាលោកសុខ
សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ បានសន្យាជាមួយពួកគាត់នឹងដោះស្រាយ ឲ្យប៉ុន្តែរហូតមកដល់ពេលនេះ អស់រយៈពេល៣ឆ្នាំហើយ នៅតែមិនទាន់ដោះស្រាយឲ្យទៀត។
ជាមួយគ្នានោះកាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៩ ក្រុមប្រជាពលរដ្ឋ ក៏បានសរសេរលិខិតសុំអន្តរាគមន៍ទៅកាន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ តែមិនទាន់មានឃើញដំណោះស្រាយ អ្វីឡើយរហូតមកដល់ពេលនេះ ។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា” បច្ចុប្បន្នមន្រ្តីសាលាខណ្ឌព្រែកព្នៅ មិនឲ្យពួកគាត់ចូលទៅកាន់កាប់និងអាស្រ័យផលទៀតទេ ដោយសំអាងថា អនុវត្តតាមស្មារតីអនុក្រឹត្យស្ដីពីការកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋដោយពុំមានដោះស្រាយការខូចខាតអ្វីទាំងអស់”។
ក្រុមប្រជាពលរដ្ឋបានស្នើដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ ដោះស្រាយឲ្យពួកគាត់ទាំង៥គ្រួសារដោយក្ដីអនុគ្រោះផង៕