ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុនៅកម្ពុជា ដោយក្រសួងបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ខេត្តមាត់សមុទ្រ និងនៅភាគឦសាន នឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ។
ក្រសួងធនធានទឹកបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើងនៅថ្ងៃទី ២ ខែសីហា ខាងមុខ ។ លក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី ១-៤ ខែសីហា ព្រះរាជាណាចក្រ កម្ពុជា មានស្ថានភាពដូចតទៅ៖
១- ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនខ្យល់ខ្លាំង និងរលកធំៗ ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀងកើតមានផងដែរ (Flash Flood) ។
២- បណ្តាខេត្តនៅភាគឦសាន នឹងអាចមានភ្លៀងច្រើននិងខ្យល់ខ្លាំង។
៣- ឯចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពលហ្វឺន ធ្វើឲ្យកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច ។
៤- ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថានឹងងើបឡើង មូលហេតុមានភ្លៀងច្រើននៅតំបន់ផ្ទៃរង ទឹកភ្លៀងភាគខាងលើ ។
ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕