ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង នាំអំណោយមនុស្សធម៌ សាខាកាកបាទក្រហម ចែកជូនពលរដ្ឋចំនួន ៣សង្កាត់ ដែលរងគ្រោះដោយសារ ខ្យល់កន្រ្តាក់

កោះកុង៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយ អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន គ្រួសាររងគ្រោះដោយសារ ខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ ចំនួន ៥៥គ្រួសារ ស្មើនឹង៥៥ខ្នងផ្ទះ ស្ថិតនៅក្នុងសង្កាត់ ស្មាច់មានជ័យ ៦គ្រួសារ សង្កាត់ស្ទឹងវែង ១៣គ្រួសារ និងសង្កាត់ដងទង់ ៣៦គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ន៍ចំនួន ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក ។

លោកស្រី មិថុនា ភូថងបានថ្លែងឲ្យដឹងថា ផលប៉ះនៃគ្រោះមហន្តរាយ ធម្មជាតិបាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ ដែលមានឈ្មោះស៊ីនឡាគូរនេះ ដែលធ្វើផ្ទះបងប្អូនររងផល ប៉ះពាល់ដូចជាប៉ើងដំបូលផ្ទះបងប្អូន អាជ្ញាធរមានការសោកស្តាយយ៉ាងខ្លាំង ដែលលំនៅដ្ឋានបងប្អូនប្រឈម និងការខូចខាតនូវខ្យល់កន្រ្តាក់ ស៊ីនឡាគូនេះ តែអ្វីសំណាងបំផុតបងប្អូនមិនមាន ជួបគ្រោះថ្នាក់ដល់អាយុជីវិត។

លោកស្រីអភិបាលខេត្ត បានបន្តថា ទោះបីបងប្អូនជួបបញ្ហា យ៉ាងណាក៏ដោយក៏ក្រុមការងារ សាខាកាកបាទកម្ពុជាចុះជួយ បងប្អូនជានិច្ចដោយមិនថា ទីជិតឬឆ្ងាយយប់ ថ្ងៃ ព្យុះភ្លៀងឡើយឲ្យក្រុមការងារ ទទួលបានហើយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការនយោបាយ បក្សណាមួយឡើយ។ ហើយលោកស្រីក៍បានពាំនាំ នៅការផ្តាំផ្ញើរអនុសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះលោកស្រីអភិបាលខេត្ត បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលកសមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារៈដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក សាខាឆ្លើយតបទៅតាមទំហំ ខូចខាតជាក់ស្តែង ស្មើនឹងថវិកា ៤,៤០០,០០០រៀល (បួនលាន បួនរយពាន់រៀលគត់ ) រួមនឹងថវិកាអនុសាខាកក្រក ក្រុងខេមរភូមិន្ទ ឧបត្ថម្ភបន្ថែម ២០០,០០០រៀល (ពីររយពាន់រៀល)ផងដែរ ៕

To Top