ព័ត៌មានជាតិ

ស្វីស សហការជាមួយ ក្រសួងទេសចរណ៍ គាំទ្រលើការបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ នៅភូមិភាគឦសាន្ត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ការអនុវត្តគម្រោងនេះ នឹងត្រូវធ្វើឡើងនៅតាមខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ។

ការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍធនធានមនុស្សក្នុង វិស័យទេសចរណ៍របស់ ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញ បណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ ដើម្បីទទួលបានចំណេះដឹង និងជំនាញនិងដើម្បីជាច្រក សម្រាប់បន្តការសិក្សាជំនាញ វិជ្ជាជីវៈទេសចរណ៍បន្ថែម និងពេញមួយជីវិត។

គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាព មន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្ស សម្រាប់វិស័យទេសចរណ៍ លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ក្នុងបរិបទខេត្ត គោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។

លោក ប៉ាក់ សុខុម បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តជំហានទី២ នៃកម្មវិធីអភិវឌ្ឍជំនាញ ឱ្យបានកាន់តែល្អប្រសើរ ក្រសួងទេសចរណ៍បានចាត់ ឱ្យមន្ត្រីសួងចូលជាសហ អនុប្រធានគណៈកម្មការអនុវត្ត គម្រោងជាមួយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះតំណាង SDC (ម្ចាស់ជំនួយ) ជាប្រធាននិងតំណាងក្រសួងការងារ ជាសហអនុប្រធានផងដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់គម្រោងជំហានទី២ ផ្តោតសំខាន់លើការអភិវឌ្ឍជំនាញ (Re-Skilling and Up-Skilling) ជំរុញទីផ្សារការងារ ពង្រឹងសហគ្រិនភាព ក្នុងវិស័យទេសចរណ៍ និងការអនុវត្តបច្ចេកវិទ្យា ក្នុងការអប់រំ និងបណ្តុះបណ្តាលស្របតាម ផែនការយុទ្ធសាស្ត្ររបស់ នាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍។

សូមរំលឹកថា កន្លងមកតាមរយៈគម្រោង អភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការ យ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធី សិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី ៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី ២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី ៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃ អ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧រូប (ស្រី ៥៦១រូប) ៕

To Top