ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នឹងពិនិត្យពិភាក្សាលើចំណុច ខ្វះខាតមួយចំនួន ដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ក្រោយនាពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃ ដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើលចំនួន ២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធ មិនមានការប្រឹងប្រែង ឆ្លើយតប ទៅនឹងចំណុចខ្វះខាត។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «លើសពីនេះ ទៅទៀត យើងនឹងពិនិត្យពិភាក្សា លើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីស្តារមុខមាត់ប្រទេសជាតិ ដែលកន្លងមកនេះត្រូវបាន សហរដ្ឋអាមេរិកវាយតម្លៃ ដោយដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើល ពីរឆ្នាំជាប់គ្នា ហើយនឹងត្រូវ ធ្លាក់ទៅលេខ ៣ ដោយស្វ័យប្រវត្តិ បើសិនជាមិនមានការប្រឹងប្រែង ឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងនោះ»។
សម្ដេចក្រឡាហោម បន្ដថា «យើងមិនផ្តេកផ្តួលទៅលើការ វាយតម្លៃរបស់អាមេរិកទាំងស្រុងទេ តែក៏ត្រូវទទួលស្គាល់ថា វាមានចំណុចជាច្រើន ដែលចង្អុលបង្ហាញអំពី ភាពខ្វះចន្លោះរបស់យើង គួរឲ្យពិចារណា និងធ្វើការកែលម្អដែរ ដើម្បីជាប្រយោជន៍ សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនយើង» ៕
ដោយ៖ អេង ប៊ូឆេង