ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្រូវអង្គរក្សជម្លៀសចេញភ្លាមៗ ពេលកំពុងថ្លែងសុន្ទរកថា តាមទូរទស្សន៍ ក្រោយការបាញ់ប្រហារមួយ នៅជិតសេតវិមាន

បរទេស៖ ក្រុមមន្រ្តីបាននិយាយថា មន្រ្តីសេវាកម្មសម្ងាត់ ដែលបានស្លៀកពាក់ឯកសណ្ឋាន បានបាញ់គ្នាជាមួយបុរសម្នាក់ ក្នុងពេលប្រឈមមុខដាក់គ្នា នៅជិតសេតវិមាន ដែលនាំឱ្យប្រធានាធិបតី លោក ដូណាល់ត្រាំ ត្រូវបានគេជម្លៀសចេញពីបន្ទប់ភ្លាមៗ ក្នុងសន្និសីទកាសែត តាមទូរទស្សន៍កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Euro News ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tom Sullivan ប្រធានផ្នែកឯកសណ្ឋាន សេវាកម្មសម្ងាត់បាននិយាយថា អគារសេតវិមាន មិនត្រូវបានរំលោភបំពានទេ ហើយក៏គ្មាននរណាម្នាក់ នៅក្នុងក្រុមកងការការពារ សេវាកម្មសម្ងាត់ មានគ្រោះថ្នាក់នោះដែរ។

បុរសសង្ស័យម្នាក់អាយុ ៥១ ឆ្នាំ និងស្ថានភាពរបស់បុរសរូបនេះ មិនត្រូវបានបញ្ចេញនោះទេ។ នាយកដ្ឋានពន្លត់អគ្គីភ័យ នៃសង្កាត់កូឡុំបៀ បាននិយាយថា បុរសនោះបានរងរបួសធ្ងន់ធ្ងរ ឬអាចរងរបួសធ្ងន់ធ្ងរ។

លោក Sullivan បាននិយាយថា បុរសនោះបានអះអាងថា គាត់ជាប្រដាប់អាវុធ បានសំដៅទៅរកមន្រ្តីនោះ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីបាញ់មុនពេល ដែលមន្រ្តីរូបនោះបាញ់គាត់ម្តង។

លោក Sullivan មិនបានបញ្ជាក់ ថាតើបុរសនោះ ពិតជាប្រដាប់អាវុធទេ។ មន្រ្តីអនុវត្តច្បាប់កំពុងព្យាយាម កំណត់ពីហេតុផលហើយអាជ្ញាធរ កំពុងស៊ើបអង្កេត ថាតើបុរសនោះ មានប្រវត្តិជំងឺផ្លូវចិត្តដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top