ភ្នំពេញ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំផ្ទុកទំនិញលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់ខូច មុនអាយុកាល។
ក្នុងឱកាសចុះត្រួតពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ នាពេលថ្មីៗនេះ លោក ខាន់ ម៉ាណេរ បានថ្លែងថា «សូមអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពី គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ដោយការធ្វេសប្រហែស ធ្វើឲ្យយើងមានវិប្បដិសារីអស់មួយ ជីវិត និងបានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ កុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ បណ្ដាលឲ្យផ្លូវឆាប់ខូចមុនអាយុកាល»។
រដ្ឋលេខាធិការក្រសួងសាធារណការ ក៏បានលើក ឡើងថា ក្រសួងប្រគល់ផ្លូវនេះទៅ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែ ទាំកំណាត់ផ្លូវនេះឲ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។
លោករដ្ឋលេខាធិការ បានកោតសរសើរដល់ ក្រុមហ៊ុនសាងសង់ ក៏ដូចជា ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែង បំពេញការងារសាង សង់ឲ្យមានគុណ ភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។
សូមជម្រាបថា ផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង៤០,៨៨លានដុល្លារ។ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានប្រគល់ទទួល ជាបណ្ដោះអាសន្ន នៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំ របស់ក្រុមហ៊ុនសាងសង់៕
ដោយ៖ អេង ប៊ូឆេង