បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន បានការពារឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ នៅប្រទេស គីរីបាទី បន្ទាប់ពីរូបថតជាច្រើនបានបង្ហាញថា អគ្គរដ្ឋទូតចិនរូបនេះ កំពុងដើរនៅលើខ្នងប្រជាជនក្នុងតំបន់ ដែលជាផ្នែកមួយនៃ ពិធីស្វាគមន៍ដោយទទូចថា នេះជាវប្បធម៌សមស្របសម្រាប់ ប្រទេសកោះនៅប៉ាស៊ីហ្វិកមួយនេះ។
យោងតាមសារព័ត៌មាន HONG KONG FREE PRESS ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រូបថតនិងវីដេអូនៃព្រឹត្តិការណ៍នេះ បានរីករាលដាលពាសពេញ ប្រព័ន្ធអ៊ីនធឺរណិត ដែលទាក់ទាញការរិះគន់ ដោយអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានពិពណ៌នាថា វាជាការរំខាន ហើយអ្នកផ្សេងទៀតនិយាយថា វាជានិមិត្តរូបនៃអ្វីដែលចិន ធ្វើជាមួយកូនបំណុល។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានវាយបកទៅលើពិធីនោះ ដែលបានធ្វើឡើងនៅ ពេលដែលឯកអគ្គរដ្ឋទូត លោក Tang Songgen បានធ្វើដំណើរជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីប្រទេសចិននិងគីរីបាទី បានបង្កើតទំនាក់ទំនងការទូត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា តាមសំណើររបស់រដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ ហើយនឹងការគោរពវប្បធម៌ និងប្រពៃណីរបស់ប្រទេសគីរីបាទីនោះ ទីបំផុតលោកឯកអគ្គរដ្ឋទូត Tang បានយល់ព្រមទទួលយក “ ចូលរួមពិធីស្វាគមន៍មួយដែលពាក់ព័ន្ធ នឹងទំនៀមទម្លាប់ប្រពៃណី ក្នុងស្រុកនៅពេលមកដល់” ៕
ប្រែសម្រួលៈ ណៃ តុលា