បរទេស៖ មន្ត្រីការទូតកំពូលរបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានរដ្ឋសភាឆែក លោក Milos Vystrcil នឹងបង់តម្លៃធ្ងន់ធ្ងរ សម្រាប់ការធ្វើដំណើរផ្លូវការ មួយទៅកាន់កោះតៃវ៉ាន់ បណ្ដាលឲ្យទីក្រុងប្រាក កោះអញ្ជើញឯកអគ្គរដ្ឋទូតចិន បើទោះជាលោក Vystrcil និយាយថា លោកមិនស្វះស្វែងឲ្យមានការ ប្រឈមមុខដាក់គ្នាទេក៏ដោយ។
លោក Milos Vystrcil បានធ្វើដំណើរទៅដល់កោះតៃប៉ិ នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងដំណើរទស្សនកិច្ចមួយ លើកកម្ពស់ចំណងមិត្តភាពពាណិជ្ជកម្ម ជាមួយកោះតៃវ៉ាន់ ដោយលោកនិយាយថា សាធារណរដ្ឋឆែក នឹងមិនឱនក្បាលចំពោះការ ប្រឆាំងជំទាស់របស់ចិននោះទេ។ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តនៅឆ្ងាយមួយ ដែលគ្មានសិទ្ធិបង្កើតចំណងមិត្តភាព រវាងប្រទេសនិងប្រទេសនោះទេ។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីរបស់លោក វ៉ាង យី ថ្លែងក្នុងខណៈនៅប្រទេសអាល្លឺម៉ង់ថា “រដ្ឋាភិបាលចិននិងប្រជាជនចិន នឹងមិនទទួលយកឥរិយាបថ មិនសមហេតុផល ឬក៏អង្គុយនៅស្ងៀមឡើយ ហើយនឹងធ្វើឲ្យគាត់បង់តម្លៃដ៏ធ្ងន់ធ្ងរមួយ ចំពោះអាកប្បកិរិយាដ៏ខ្វះការពិចារណា និងការឆ្លៀតឱកាសនយោបាយរបស់គាត់” ៕
ប្រែសម្រួល៖ ប៉ាង កុង