ព័ត៌មានជាតិ

ខួប៣ឆ្នាំ នៃការចាប់ខ្លួន! លោក កឹម សុខា ស្នើឲ្យតុលាការទម្លាក់ចោល បទចោទប្រកាន់ និងផ្តល់សិទ្ធិសេរីភាព ដល់រូបលោកឡើងវិញ

ភ្នំពេញ៖ ខួប៣ឆ្នាំ នៃការចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បាន ស្នើឲ្យតុលាការទម្លាក់ បទចោទប្រកាន់មកលើរូបលោក និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យលោកអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ថា អស់រយៈពេល ៣ឆ្នាំហើយ (២-កញ្ញា-២០១៧ ដល់ ២-កញ្ញា -២០២០) ដែលលោកបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។

លោកបន្ដថា ប្រឈមនឹងស្ថានភាពដែល ពិភពលោកកំពុងតែជួបប្រទះ ការរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រទេសជាតិត្រូវការជាចាំបាច់ នូវការបោះជំហានវិជ្ជមាន ជាជាងការជាប់មន្ទិលសង្ស័យ នៃភាពអវិជ្ជមានណាមួយ។ កាលៈទេសៈនេះ ខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយលោកគួរតែមាន សិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសចូលរួមរកដំណោះស្រាយ ទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុតគឺ «ជីវភាពប្រជាពលរដ្ឋខ្មែរ» ដែលនឹងត្រូវរងផលប៉ះពាល់ ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក ។

លោកបន្ថែមថា ឆ្លងតាមសវនាការ នៅតុលាការកន្លងមក លោកមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទលោកថា បានប្រព្រឹត្តិបទល្មើសដូច ការចោទប្រកាន់នោះទេ ហើយក្នុងនោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត លោកមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើទាំងឡាយណាដែលនាំ ឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត។

ម្យ៉ាងទៀតលោក កឹម សុខា ជឿជាក់ថា មានមតិជាតិ មតិអន្តរជាតិ ជាពិសេសសមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏ដូចជាចៅក្រមផងដែរ បានយល់និងទទួលស្គាល់ ថាលោកមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើហិង្សាឡើយ។

លោកបញ្ជាក់ថា “ដូច្នេះឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណា ទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈ នៃស្ថានភាពបច្ចុប្បន្ននេះ និងទៅអនាគត” ៕

To Top