ព័ត៌មានជាតិ

សម្តេចតេជោ ក្រើនរំលឹកពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ក្នុងឱកាសសែនក្បាលទឹក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យកុំធ្វេសប្រហែស ដុតធូបទៀនទុកចោល ក្នុងឱកាសពិធីសែនក្បាលទឹក។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា តាមទំនៀមទម្លាប់ប្រពៃណី ប្រជាពលរដ្ឋ ខ្មែរ-ចិន នៅថ្ងៃនេះគឺជា ថ្ងៃសែនក្បាលទឹក ។

សម្ដេចបន្តថា នៅពេលប្រទេសជាតិមាន សុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈ កាន់តែងាយស្រួល ឲ្យពលរដ្ឋមានឱកាសប្រារព្ឋពិធី បុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនា រៀងៗខ្លួនដោយសេរី ។

សម្ដេចនាយករដ្ឋមន្រ្តី ឲ្យដឹងទៀតថា “ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពី ការធ្វេសប្រហែសដុតធូបទៀន ក្នុងឱកាសពិធីសែនក្បាលទឹកនេះ”។

ក្នុងឱកាសនោះសម្ដេច ក៏បានអំពាវនាវ ដល់ពលរដ្ឋ ធ្វើអនាម័យក្នុងការរស់នៅឲ្យបានល្អ និងត្រូវការពារសុខភាពជាប់ជានិច្ច ដោយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេល ចាំបាច់ឲ្យបានជាប់លាប់ ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យឆ្លងកូវីដ-១៩ ៕

ដោយ៖ ធី លីថូ

To Top