បរទេស៖ ក្នុងសកម្មភាពមួយដែលត្រូវគេរំពឹងថា នឹងធ្វើឲ្យជាប់គាំងកាន់តែខ្លាំង នូវចំណងមិត្តភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសការរឹតបន្តឹងថ្មីលើ សកម្មភាពរបស់មន្ត្រីការទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថាការរឹតបន្តឹងនេះ គឺជាការឆ្លើយតបចំពោះការ រឹតបន្តឹងទាំងឡាយដែល សាធារណរដ្ឋប្រជាមានិតចិន បានដាក់ជាយូរមកហើយ លើមន្ត្រីការទូតអាមេរិក ដែលធ្វើការងារនៅក្នុងប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងដំណើរឆ្លើយតប ចំពោះការរឹតបន្តឹងជាយូរមកហើយ របស់សាធារណរដ្ឋប្រជាមានិតចិន លើមន្ត្រីការទូតអាមេរិក និងការបដិសេធមិនចូលរួមដោយស្មោះ លើបញ្ហាមូលដ្ឋាននានានៃបដិភាព និងការគោរពគ្នាទៅវិញទៅមកនោះ ក្រសួងការបរទេស ត្រូវបង្ខំដាក់ភាពតម្រូវជាក់លាក់ ចាំបាច់ថ្មីលើមន្ត្រីការទូតចិន” ៕
ប្រែសម្រួល៖ ប៉ាង កុង