ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានប្ដេជ្ញាបន្តអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន ដែលធានារ៉ាប់រងលើដំណាំស្រូវ នៅកម្ពុជា។
ក្នុងជំនួបជាមួយលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវេង សាខុនបានថ្លែងថា រដ្ឋាភិបាលនៃប្រទេសស្វីស បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវ ក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។
លោកបន្តថា “ដោយទទួលបានលទ្ធផលជាផ្លែផ្កា ភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះបានឈានដល់ជំហានទី៣ ២០១៩~២០២១ ក្នុងគោលបំណងគ្រប់គ្រង គ្រោះធម្មជាតិដែលប៉ះពាល់ ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យ មួយចំនួនទៀតដូចជាផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ ដោយសារគ្រោះធម្មជាតិ”។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចេកវិទ្យា និងព័ត៌មានទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីជំនាញក្នុងការផ្តល់ ទិន្នន័យនិងព័ត៌មានដល់ប្រជាកសិករ ហើយពិតជាស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម របស់ក្រសួងក្នុងការជំរុញការ អនុវត្តទំនើបកម្មកសិកម្ម យន្តុបនកម្មកសិកម្ម ការធ្វើកសិកម្មដែលធុននឹង ការប្រែប្រួលអាកាសធាតុ ការធ្វើផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែ សង្វាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។
ជាមួយគ្នានោះលោកបាន ស្នើដល់ភាគីស្វីសឲ្យ បន្តផ្តល់កិច្ចសហការដល់ ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹង សមត្ថភាពមន្ត្រី និងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា:ប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក បង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវនិងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ជាការឆ្លើយតបលោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលបាន និងបន្តអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងដំណាក់កាល នៃជំងឺវីរុសកូវីដ-១៩។
លោកក៏បានឯកភាពចំពោះកង្វល់ របស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គ មានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពលដល់ ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ។
នាយកការិយាល័យ សហប្រតិបត្តិការស្វីសបញ្ជាក់ថា
លោកកំពុងធ្វើការពិភាក្សា ជាមួយដៃគូអភិវឌ្ឍន៍មួយដែល កំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។
លោកបន្ថែមថា មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរក្នុងអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ រដ្ឋាភិបាលស្វីសនឹងបន្ត កិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀង លើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ ផលិតកម្មដំណាំសាកវប្បកម្ម ហៅថា” គម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣” ពីខែមករា ឆ្នាំ២០២១ ដល់ ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ ធី លីថូ