ព័ត៌មានជាតិ

សម្តេចតេជោ បន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់យុទ្ធជនកម្ពុជា ។

ថ្លែងនៅក្នុងពិធី ប្រគល់ផ្ទះជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ, បន្ទាយមានជ័យ, ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរគុណ, ការដឹងគុណ និងការសាកសួរសុខទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់អ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមនៅក្នុងការលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការបង្កលក្ខណៈ ទុកឱ្យកូនចៅជំនាន់ក្រោយ ទាំងជំនាន់នេះ និងទៅអនាគត បានរស់នៅ យ៉ាងមានសេចក្តីសុខ នៅក្នុងសុខសន្តិភាព មានឱកាសរៀនសូត្រ មានឱកាសទទួលបានការងារធ្វើ ជួយគ្រួសារ ជួយសង្គមជាតិ ដែលអាចចាត់ទុកបានថា ជោគជ័យរបស់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា ហើយពិតជាស័ក្តិសម នឹងការលះបង់របស់អ៊ំពូមីង យ៉ាងពិតប្រាកដ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជន ដែលបានអនុវត្តកន្លងមកជាច្រើនមកហើយ និងកំពុងបន្តសាងសង់ ជាបន្តបន្ទាប់ តបទៅនឹងតម្រូវការនៅទូទាំងប្រទេស គឺជាគោលការណ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងបានយកចិត្តទុកដាក់ ជួយដល់អតីតយុទ្ធជន តាមគ្រប់រូបភាព។ យ៉ាងណាក៏ដោយ ការប្រគល់ផ្ទះ គ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ លើសពីនេះគឺនៅមានគោលការណ៍ និងយន្តការជាច្រើនផ្សេងៗទៀត ដែលសម្តេចបានខិតខំសម្រេចបាន សម្រាប់អតីតយុទ្ធជន ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស ព្រមទាំងការជួយទំនុកបម្រុងគ្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន។

លោក ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត, សមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ក៏ដូចជា មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន យោធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត ព្រមទាំងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងរួមគ្នាអនុវត្តគោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយដល់អតីតយុទ្ធជន ជាបន្តបន្ទាប់ និងជាប់ជាប្រចាំ។

លោក ចាត់ទុកថា “អំពើទាំងនេះ ជាអំពើបុណ្យកុសល ចំពោះអ៊ំពូមីងអតីតយុទ្ធជន ដែលមានគុណូបការៈចំពោះជាតិ ហើយដែលកំពុងមានតម្រូវការចាំបាច់”៕

To Top