ព័ត៌មានជាតិ

ឥណ្ឌា កោតសរសើរកម្ពុជា ដែលទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អ

ភ្នំពេញ៖ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ចប់អាណត្តិប្រចាំកម្ពុជា បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលទប់ស្កាត់ ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា នៅថ្ងៃទី១៥ កញ្ញានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកស្រីទូតបានថ្លែងថា បើទោះបីបច្ចុប្បន្នបណ្តាប្រទេស លើពិភពកំពុងជួបប្រទះ​បញ្ហា សុខភាពសា​ធារណៈ​បណ្តាលមក​ពីការរីករាលដាល នៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្ដែលោកស្រីមើល​ឃើញថា កម្ពុជា​បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារ និងទប់ស្កាត់បានយ៉ាង មានប្រសិទ្ធភាពខ្ពស់។

លោក កុយ គួង បន្ថែមថា ក្នុងជំនួបនេះដែរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Manika Jain ក៏បានបង្ហាញពីឆន្ទៈចង់ឃើញ មានជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា ដើម្បីជួយឲ្យវិស័យទេសចរណ៍ វាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើន ថែមមួយកម្រិតទៀត ។

លោក កុយ គួង បញ្ជាក់ថា «វិស័យសុខាភិបាលលោកជំទាវ ក៏បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ​រដ្ឋាភិបាលកម្ពុជា​យើង​លើការទប់ស្កាត់ជំងឺកូវីដ១៩នេះ ដែលធ្វើឱ្យមន្ដ្រីស្ថានទូត និងប្រជាជនឥណ្ឌាដែលរស់នៅកម្ពុជា មានសុវត្ថិភាព​ក្នុងការធ្វើដំណើរ ក្នុងការរស់នៅប្រកបមុខរបរ នៅក្នុងប្រទេសយើង ។ ហើយពាក់ព័ន្ធនិង វិស័យសុខាភិបាលហ្នឹងទៀត​ដែរ លោកជំទាវក៏បានបញ្ជាក់ ដែរ រិះរកហៅថាបង្កើតវ៉ាក់សាំង ទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយប្រសិនបើវ៉ាក់សាំងនេះ បានកើតមានឡើងមែន រកឃើញមែនគឺថា​អាចនិងផ្តល់ទៅ​ដល់ប្រទេស​កំពុងអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ»។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ចូលរួមរំលែកទុក្ខ ចំពោះរដ្ឋាភិបាលឥណ្ឌា និងប្រជាជនឥណ្ឌា​ ដែលជួប​គ្រោះទឹកជំនន់ និងវិបត្តិជំងឺកូវីដ១៩នេះ។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលឥណ្ឌាដែលតែងតែ ជួយដល់កម្ពុជា ពិសេសការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន និងអាហារូបករណ៍ដល់សិស្ស​និស្សិត ចំពោះការ​សិក្សារយៈពេលវែង និងខ្លី ៕

To Top