ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មិនលើកលែងចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងខូចគុណភាពឡើយ

ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនលើកលែងឡើយចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាព ហើយសមត្ថកិច្ចកំពុងតែ មានវិធានការគ្រប់ពេល វេលាផងដែរ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត ជាង ៥០០តោន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក មៀច សុផាន់ណា បានឲ្យដឹងថា នាពេលកន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែង ក្លាយ តែងតែធ្វើការអប់រំណែនាំដល់ អតិថិជនទាំងអស់ ក៏ដូចជា អ្នកប្រើប្រាស់អំពីគ្រោះថ្នាក់ និងហានីភ័យ ចំពោះការប្រើប្រាស់របស់ក្លែងក្លាយ និងផលិតផលខូចគុណភាព។

លោកបន្ដថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាបជាច្រើនករណី ផងដែរ ។ ហើយការបង្ក្រាបនេះ ក៏ជាផ្ញើមួយទៅដល់អ្នករកស៊ី ផលិតផលក្លែងក្លាយ ថា រាជរដ្ឋាភិបាល មានវិធានការគ្រប់ពេលវេលា ចំពោះអ្នករកស៊ីរបស់ក្លែងក្លាយ។

លោក មៀច សុផាន់ណា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលនឹងមិនអត់ឱន និងមិនលើកលែងឲ្យជនខិលខូចទេ ដែលផលិតចែកចាយរបស់ទាំងហ្នឹងលក់ (របស់ក្លែងក្លាយ និងខូចគុណភាព) ធ្វើយ៉ាងម៉េចឲ្យតែបានចំណេញលុយ មិនគិតគូរពីសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»៕

To Top