ព័ត៌មានអន្តរជាតិ

តួកគី និងក្រិកយល់ព្រម បន្តកិច្ចពិភាក្សាគ្នា ក្រោយរយៈពេល ៤ឆ្នាំ

បរទេស៖ បន្ទាប់ពីមានភាពតានតឹង ជាច្រើនសប្ដាហ៍ ដែលឈានដល់ការប៉ះទង្គិចគ្នា រវាងនាវាចម្បាំងទាំងសងខាងនោះ ប្រទេសតួកគីនិងប្រទេសក្រិក នាពេលថ្មីៗនេះ បានយល់ព្រមបន្តកិច្ចពិភាក្សាគ្នា ជុំវិញការអះអាងកម្មសិទ្ធិ ដែនសមុទ្រមានជម្លោះ នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ក្រោយផ្អាកចោលអស់រយៈពេល ៤ឆ្នាំ។

ដោយមិនបានផ្តល់សេចក្តីលម្អិត ក្រសួងការបរទេសក្រិកបាន និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាគ្នា ដែលបានផ្អាកចោល ក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានការជួបគ្នាចំនួន ៦០លើក បង្កើតឲ្យមានការវិវត្តរីកចម្រើនតិចតួច អស់រយៈពេល ១៤ឆ្នាំនោះ នឹងបន្តជាថ្មីនៅក្នុងពេល អនាគតខាងមុខឆាប់ៗនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរនេះ បានផ្ទុះឡើងខ្លាំងនៅក្នុងខែមុននេះ បន្ទាប់ពីទីក្រុងអង់ការ៉ាបានបញ្ជូន នាវាសិក្សាស្រាវជ្រាវប្រេង Oruc Reis seismic ចូលទៅក្នុងដែនទឹកមានជម្លោះ អមជាមួយទូកចម្បាំង ដើម្បីគូសបញ្ជាក់ផែនទីដែនសមុទ្រ សម្រាប់ការខួងយកប្រេងនិងឧស្ម័ន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top