ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឧបត្ថម្ភទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមលើកកម្ពស់ “ការអភិវឌ្ឍយុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ”។
លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក. បានទទួលមូលប្បទានបត្រ ពីនាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen នៅក្នុងពិធីដែលបានធ្វើឡើងនៅផ្សារទំនើប ក្រោមដីណាហ្គាស៊ីធីវ៉កដែលមានការចូលរួមពីសំណាក់សមាជិក-សមាជិកាស.ស.យ.ក. ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
គោលបំណងនៃកម្មវិធី អភិវឌ្ឍយុវជននេះ គឺដើម្បីលើកកម្ពស់ទេពកោសល្យ ជំរុញការអភិវឌ្ឍយុវជន និងផ្តល់ឱកាសបន្ថែមដល់យុវជនកម្ពុជាដើម្បីឈានទៅសម្រេចគោលដៅអនាគត និងក្តីបំណងរបស់ខ្លួនក្នុងវិស័យកីឡា និងវិស័យផ្សេងៗទៀត។ ណាហ្គាវើលដ៍បេះដូងសប្បុរស ជឿជាក់ថា ការឧបត្ថម្ភនេះនឹងបន្ត ផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជាដូចដែលក្រុមហ៊ុន ណាហ្គាវើលដ៍បានអនុវត្តក្នុងខេត្តកំពង់ស្ពឺកន្លងមកក្រោម ការគាំទ្ររបស់លោក ហ៊ុន ម៉ានី ។
គម្រោងទាំងនេះ រួមមាន កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺរយៈពេល ២ឆ្នាំ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ បង្ហាត់កីឡាបាល់ទាត់ អាជីពដល់គ្រូអនុវិទ្យាល័យ និងវិទ្យាល័យ បូករួមនឹងការឧបត្ថម្ភសម្ភារៈកីឡា និងហេដ្ឋារចនាសម្ព័ន្ធកីឡាជាបន្តបន្ទាប់។
នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “៧០% នៃប្រជាជនកម្ពុជាសរុប មានអាយុក្រោម ៣៥ឆ្នាំ។ យើងជឿជាក់ថា ការវិនិយោគទៅលើយុវជន គឺជាការវិនិយោគទៅលើអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ការលើកស្ទួយយុវជន គឺការបង្កើតការផ្លាស់ប្តូរកាន់តែ ប្រសើរនៅក្នុងសហគមន៍។ យើងរួមគ្នាផ្តល់ឱកាសប្រសើរ ជាងមុនដើម្បីឲ្យពួកគេបង្កើនគុណភាពនៃជីវិតរបស់ពួកគេផ្ទាល់ និងគ្រួសាររបស់ពួកគេ។ យើងសង្ឃឹមថា ការឧបត្ថម្ភសម្រាប់កម្មវិធីទាំងនេះ នឹងជួយបង្កើនសក្តានុពលរបស់ យុវជនក្នុងខេត្តកំពង់ស្ពឺសម្រាប់សង្គមជាតិហើយដែលការនេះ នឹងផ្តល់ត្រឡប់មកវិញដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល”។
គួរបញ្ជាក់ផងដែរថា ក្នុងបុព្វហេតុលើកស្ទួយយុវជនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គម និងប្រទេសជាតិ ស.ស.យ.ក. បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរកិច្ចសហការជាមួយនឹង ដៃគូនានាដើម្បីបង្កើតជាវេទិកាឲ្យយុវជនបាន អភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទាំងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត កិច្ចហាត់ការ ក៏ដូចជាការផ្តល់ឱកាសការងារ ដល់យុវជនទូទាំងប្រទេស។
ជាក់ស្តែង ក្រោមគម្រោងកិច្ចសហការជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នេះ យុវជននឹងមានឱកាសកាន់តែប្រសើរ និងច្រើនជាងមុនក្នុងការ អភិវឌ្ឍសមត្ថភាពខ្លួនឈានទៅចាប់យកអាជីពក្នុងវិស័យកីឡា និងវិស័យផ្សេងៗជាច្រើនទៀត។ ភាពជោគជ័យដែលកើតចេញពីកិច្ចសហការនេះ នឹងនាំទៅដល់ការពង្រីកវិសាលភាពនៃកិច្ចសហការ និងបាននូវការរីកចម្រើន សម្រាប់ទាំងអស់គ្នា។
ផ្សារភ្ជាប់ជាមួយនឹងកម្មវិធីនេះផងដែរ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានលើកទឹកចិត្ត ឲ្យយុវជនកម្ពុជាចុះឈ្មោះ និងដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សានៃ “កម្មវិធីជ្រើសរើសបុគ្គលិកកម្មសិក្សាថ្មី” ដើម្បីឲ្យយុវជនរបស់យើងស្វែងយល់ពីឱកាសការងារ និងអភិវឌ្ឍជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនៃការងារទំនួលខុសត្រូវសង្គមរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស មានគោលបំណងលើកទឹកចិត្ត ឲ្យយុវជនអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ ការងារដ៏មានតម្លៃនៅក្នុងមុខតំណែងជាច្រើន។ នៅពេលជាប់ជាស្ថាពរ បុគ្គលិកកម្មសិក្សានឹងទទួលបាននូវ ប្រាក់ឧបត្ថម្ភរហូតដល់ ៣០០ ដុល្លារក្នុងមួយខែ ការញ៉ាំម្ហូបអាហារ និងភេសជ្ជៈឥតកំណត់ ឱកាសបណ្តុះបណ្តាលបន្ថែមពេញមួយឆ្នាំ កន្លែងស្នាក់នៅតាមការស្នើសុំ និងអត្ថប្រយោជន៍ជាច្រើនទៀត។
សាធារណជនទូទៅ យុវជន សិស្សវិទ្យាល័យ និស្សិតសាកលវិទ្យាល័យ និងអ្នកដែលកំពុងស្វែងរកការងារទាំងអស់ អាចដើរចូលសម្ភាសន៍ដោយសេរីរៀងរាល់ថ្ងៃនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy (អគារលេខ ១៤ ផ្លូវលេខ ២៥២ រាជធានីភ្នំពេញ) ពីម៉ោង ១១ព្រឹកដល់ ៩យប់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ឬពីម៉ោង ៩ព្រឹកដល់ ៥ល្ងាច នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕