ភ្នំពេញ៖ វត្ត ឥន្ទបត្តបុរី អង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាបទទួលបានបច្ច័យប្រមាណជាង ៩ម៉ឺនដុល្លារ ដុល្លារ ជាមួយនឹងការទទួលអង្គកឋិនពី លោកស្រី មហាសិកាបណ្ឌិត ហ៊ុន សេងនី ព្រមទាំងបុត្រចៅ និងពីសំណាក់ពុទ្ធបរិស័ទមួយចំនួនផងដែរ។
មហាសិកាបណ្ឌិត ហ៊ុន សេងនី បានផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទ ដែលចូលរួមអង្គកឋិនទាននេះថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យ មានការរីកចម្រើនឡើង ទៅមុខជាលំដាប់តាំងពីបាតដៃទទេ។
មហាឧបាសិកា សេងនី ក៏អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ សូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយគណបក្សប្រជាជន ព្រោះទីណាមានទុក្ខលំបាក ទីនោះតែងតែ មានមន្ត្រីគណបក្សប្រជាជន ចុះជួយដល់ទីលំនៅដ្ឋានភ្លាមៗតែម្ដង ដោយមិនប្រកាន់និន្នាការនយោបាយឡើយនិងស្នើឱ្យការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាលកម្ពុជា បានការពារបានល្អមែន ប៉ុន្តែពលរដ្ឋទាំងអស់ ក៏សូមមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ ហើយសូមចូលរួមអនុវត្តន៍ តាមវិធានការ របស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា។
ពិធីបុណ្យកឋិន ដង្ហែរទៅកាន់វត្តឥន្ទបត្តបុរី អង្គរខាងជើង ក៏ដើម្បីឧទ្ធិសបុណ្យកុសល ថ្វាយនិងជូនដល់ព្រះមហាវីរៈក្សត្រគ្រប់ជំនាន់ បុព្ធបុរសខ្មែរគ្រប់រូប ព្រមទាំងបុព្វការីជនទាំងឡាយ ផងដែរ៕