ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅក្រុមហ៊ុន និងមនុស្សដែលគាំទ្រ ក្រុមរដ្ឋឥស្លាមជ្រុលនិយម

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៤ និងមនុស្សចំនួន២នាក់ ដែលកំពុងតែប្រតិបត្តិការ នៅក្នុងប្រទេសស៊ីរី តួកគី តំបន់ឈូងសមុទ្រ និងអឺរ៉ុប ពីបទផ្តល់ការជួយគាំទ្រ ផ្នែកហិរញ្ញវត្ថុនិងការដឹកជញ្ជូន ឲ្យដល់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានធ្វើការចាត់ទុក ការចំណាត់ការដាក់ទណ្ឌកម្មនេះ ថាជាយុទ្ធសាស្ត្រ ដាក់សម្ពាធតាមក្រោយមួយ លើក្រុមពួកជីហាដ ក្រោយពីប្រតិបត្តិការ កងកម្លាំងពិសេសអាមេរិក បានសម្លាប់មេដឹកនាំ ក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi។

តាមសេចក្តីរាយការណ៍ លោក Steven Mnuchin បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយប្រតិបត្តិការ ប្រកបដោយភាពជោគជ័យខ្ពស់បំផុត ប្រឆាំងនឹងលោក al-Baghdadi រដ្ឋបាលលោក ត្រាំ បានសម្រេចកម្ទេចចោលទំាងស្រុង នូវបណ្ដាញភេរវករសេសសល់ របស់ពូក ISIS”៕ ប្រែសម្រួល៖ប៉ាង កុង

To Top