ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាព មនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។
លោក អាន សំអន នាយកកំពង់ចម្លង បានមាន ប្រសាសន៍ថា ដោយបានមើលឃើញពីទស្សនៈវិស័យ នូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍ នឹងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានលើកឡើងថា នេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោនិងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សារណៈយោគយល់គ្នា ដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកបន្ថែមថាកំពង់ចម្លង មិនត្រឹមតែជាមធ្យោបាយចម្លងប្រជាពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ចជាតិ និង ចូលរួមដល់សកម្មភាពមនុស្សធម៌ ជាច្រើនទៀតនៅក្នុងសង្គម ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា លទ្ធភាព និង សកម្មភាពជួយគ្នានៅក្នុងសកម្មភាពមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយ បើមិនមានសកម្មភាព ក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ (TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមបណ្ដាខេត្ត សម្រាប់ក្រុមបានចុះធ្វើសកម្មភាពអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃ ដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រា ដែលសកម្មភាពទាំងអស់នេះ មានការចូលរួមពីសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ ជួយផ្ដល់លទ្ធភាពដល់ សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជូនប្រជាពលរដ្ឋ។