ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បានចុះអនុស្សរណៈ ជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសហការគ្នាលើ “បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ” ដែលកិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណែតសម្រាប់សាលារៀន” ដែលធ្លាប់បានសហការ នាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃ ដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំផងដែរ ។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
កិច្ចសហការនេះជាភាពជោគជ័យមួយ បន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណិតសម្រាប់ សាលារៀន” ដែលបានសហការអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិត ឥតគិតថ្លៃដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំ ។ ការផ្ដល់ អ៊ីនធឺណីត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ និងសាលារៀន គឺ ជាផ្នែកមួយនៃការខឹតខំប្រឹងប្រែង ក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកប្រព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក e-Government ស្របតាមការវិវត្ត នៃបច្ចេកវិទ្យា និងឧស្សាហកម្មជំនាន់ទី៤ ។
ជាមួយនឹងបេសកកម្មក្នុងការ រួមចំណែកលើកកម្ពស់ គុណភាព អប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្រសួងអប់រំ សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីក ការផ្តល់សេវា អ៊ីនធឺណិត ដល់សាលារៀន សាធារណៈ ចាប់ពីឆ្នាំ២០២០ នេះតទៅក្រោមគម្រោង ឈ្មោះ “អ៊ីនធឺណិតសម្រាប់សាលារៀន” រហូតដល់ទៅ ៣.០០០សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល ៥ឆ្នាំខាងមុខទៀត។
លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាង សង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ ដើម្បីអនុវត្តដំណោះស្រាយ បច្ចេកវិទ្យាក្នុងវិស័យអប់រំរួមមាន៖
-ការដាក់ពង្រាយប្រព័ន្ធ គ្រប់គ្រងព័ត៌មានអប់រំ (EMIS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government និងប្រព័ន្ធឌីជីថលផ្សេងៗទៀត ក្នុងការដោះស្រាយនានា។
ការអនុវត្តវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅថ្នាក់ក្រសួង និងតាមបណ្តារាជធានី ខេត្តនានា លើការប្រើប្រាស់ប្រព័ន្ធឌីជីថល បម្រើរដ្ឋបាលអប់រំ និងការសិក្សា។
-ផ្តល់ជូនការប្រើប្រាស់ទិន្នន័យ ដោយឥតគិតថ្លៃរហូតដល់បំណាច់ ឆ្នាំ២០២០ សម្រាប់សិស្សានុសិស្សទាំងអស់ ដែលបានចូលទៅកាន់គេហទំព័រ e-Learning រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning របស់ក្រសួងអប់រំ ។
-មិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត ៥០% សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូ និងអាណាព្យាបាលសិស្សទូទាំងប្រទេស ដែលបានភ្ជាប់អ៊ីនធឺណិត ចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ ត្រូវបានបិទដោយសារតែវីរុសកូវីដ១៩ ។
ក្រុមហ៊ុនមិត្តហ្វូនមានទំនុកចិត្ត ក្នុងនាមជាប្រតិបត្តិករមួយ ដែលកំណត់ក្នុងការ អនុវត្តគម្រោងនេះ ឱ្យបានជោគជ័យជាមួយ នឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍ ផ្សាយសេវាជាង ១១.០០០អង់តែន ខ្សែកាបអុបទិក ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់តំបន់លំនៅដ្ឋានទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័ត ដល់ប្រជាជនកម្ពុជាជិត ៩លាននាក់។
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-25-40-1024x683.jpg)
ក្នុងពិធីចុះហត្ថលេខានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានគួសបញ្ជាក់ ពីសារៈសំខាន់នៃគម្រោងនេះ ក្នុងការគាំទ្រការអប់រំបែបឌីជីថល រួមចំណែកក្នុងការ កែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្ស និស្សិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ បន្តសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន នៅក្រសួងអប់រំ និងសាលារៀនទាំងអស់ របស់ខ្លួនផងដែរ។
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-25-43-1024x765.jpg)
ជាការឆ្លើយតបលោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានកោតសរសើរចំពោះ ក្រសួងអប់រំ ដែលបានអនុញ្ញាត ឱ្យក្រុមហ៊ុនមិត្តហ្វូន លើគាំទ្រនិង អនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា “គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំ ក្រោមក្រសួងជាមួយសាខាមិត្តហ្វូន ២៥/២៥ ខេត្តក្រុងទូទាំងប្រទេស ។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្ត ហ្វូនបញ្ជាក់ពីចក្ខុវិស័យ ដ៏មុតមាំរបស់យើងក្នុងការវិនិយោគ លើការអប់រំនៅកម្ពុជា ដែលជាការប្តេជ្ញាចិត្តដ៏សំខាន់ របស់ពួកគេក្នុងការនាំយកនូវ ដំណោះស្រាយលំដាប់ពិភពលោក មកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់ រយៈពេលជាច្រើនឆ្នាំមកនេះ” ។
សកម្មភាពច្នៃប្រឌិតថ្មីរបស់ ក្រុមហ៊ុនមិត្តហ្វូន ត្រូវបានគេទទួលស្គាល់ថា អាចជួយឱ្យយុវជនជំនាន់ក្រោយ និងអនាគត អ្នកដឹកនាំកម្ពុជា អាចបំពេញនូវសក្តានុពល របស់ពួកគេបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់ ចំណេះដឹង និងជំនាញព័ត៌មានវិទ្យា របស់ពួកគេដើម្បីត្រួសត្រាយផ្លូវឆ្ពោះ ទៅអនាគតនៃប្រទេសកម្ពុជា។ សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ ១សែននាក់ នឹងទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីនេះ ហើយសន្យាថា នឹងធ្វើឱ្យមានភាពលេចធ្លោយ៉ាងសំខាន់ ក្នុងចំណោមយុវជនទាំងអស់ ៕
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-24-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-24-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-24-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-24-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/03/photo_2020-03-25_19-24-37-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)