អត្ថបទ

ERA Cambodia ផ្តល់ពានរង្វាន់លើកទឹកចិត្ត ដល់ភ្នាក់ងារលក់ ក្នុងកម្មវិធី Career Advancement Day ខណៈសម្រេចផែនការ សកម្មភាពជាបន្តបន្ទាប់ ក្នុងការចាប់យក ចំណែកទីផ្សារខុនដូ នៅកម្ពុជា

ភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញលក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យ របស់ភ្នាក់ងារដែលសម្រេចបាន រយៈពេលពាក់កណ្តាលឆ្នាំ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាព ក្នុងការចាប់យកចំណែកទីផ្សារខុនដូ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ 

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្ក បរិយាកាសការងារល្អៗ ដល់បុគ្គលិកទាំងការបណ្តុះបណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។ 

លោកថ្លែងថា «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើង ដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើង នៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹង កាន់តែច្រើនលើការប្រើប្រាស់ ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យា វិនិយោគដោយផ្តោតលើវិស័យ អចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមាន ជាអ្នកគាំទ្រដ៏សំខាន់ នៅក្នុងកម្មនេះផងដែរ។ 

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យ ប្រតិបត្តិការដល់ទៅ ២ ២០០ការិយាល័យ នៅទូទាំង៣៧ប្រទេស លើពិភពលោក។  

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ​ERA​Cambodia​ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។ ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារ ប្រមាណ ១ ៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗ ជាង៣០គម្រោង ដែលទុនវិនិយោគ នៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃ ខ្ទង់ពាន់លានដុល្លារអាមេរិក។ 

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ ដែលទិញខុនដូ តាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើន គឺជាយុវជនក្នុងស្រុក ដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀត ជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បង របស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញ ជាទីតាំងយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់ខុនដូ៕

To Top