អត្ថបទ

ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបាន អ្នកគាំទ្រ ១លាននាក់ហើយ

មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវ សមិទ្ធផលមួយទៀត នៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុត បើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុន ក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។

មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យ នៅលើឆានលយូធូបនេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការផលិតនូវវីដែអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយមជាច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជាវីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ ផលិតដោយក្រុមហ៊ុនមិត្តហ្វូនផ្ទាល់ ។

វីដេអូភាគដែលមាន ការពេញនិយមមួយទៀត នៅលើឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ “មាគ៌ាព្រះធម៌” ជាវីដេអូអប់រំបែបសាសនា ដែលទទួលបានការគាំទ្រ ហើយបានជួយរួមចំណែក ក្នុងការបង្កើនការ Subscribe ឆានលយូធូបរបស់ខ្លួនផងដែរ។

តាមរយៈសេវា និងមាតិកាបែបឌីជីថលរបស់ខ្លួន ធ្វើឲ្យមិត្តហ្វូន កាលពីឆ្នាំមុន បានឈ្នះពានរង្វាន់ជា “ផលិតផលអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូនសម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ ។
នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។

មិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្ត កាន់តែច្រើនឡើងនៅលើ YouTube Shorts ជាកម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រនានា ដែលខ្លួនបានអនុវត្ត ដើម្បីពង្រីកមាតិការបស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួន កាន់តែមានភាពទាក់ទាញខ្លាំងឡើង។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ “ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជាសមិទ្ធផលដ៏ធំធេង ហើយមិត្តហ្វូនពិតជាមានមោទនភាព ចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជាតឹកតាងដែលបង្ហាញឲ្យ ឃើញពីប្រជាប្រិយភាពរបស់ ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា ភាពលេចធ្លោនៃវីដេអូ ដែលយើងបានខិតខំប្រឹងប្រែង ក្នុងការផលិតទាំងអស់នោះ” ។

យោងតាមរបាយការណ៍ នៅលើឆានលយូធូបរបស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនាសរុបមាន ១៥,១ លានដង ហើយពេលវេលាទស្សនាសរុបចំនួន ៣៦៩,៨ ពាន់ម៉ោង ។

លោក លោក ញ៉ុង ឌិនថន បានបន្តថា “តួលេខ និងរបាយការណ៍នេះ ពិតជាជួយផ្ដល់កម្លាំងចិត្ត ដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យមិត្តហ្វូន កាន់តែមានការប្ដេជ្ញាចិត្តថែមទៀត ក្នុងការផលិតមាតិកាឌីជីថល ឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា ដែលផ្ដល់ការកម្សាន្ត ព័ត៌មាន និងអប់រំ” ។

ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ ធំជាងគេបំផុតមួយនៅកម្ពុជា ដែលសេវារបស់ខ្លួនគ្របដណ្ដប់ លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុបរបស់កម្ពុជា។

មិត្តហ្វូនផ្ដល់នូវសេវាជាច្រើន សម្បូរបែបដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និងការកម្សាន្ត រហូតដល់សេវាផ្ទេរប្រាក់ផងដែរ។

នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការបរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានានៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោងសុខុមាលភាពសង្គមផងដែរ ។

ជាមួយនឹងអ្នកជាវ (Subscribe) លើឆានលទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹងដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕

To Top