Covid-19

តួលេខក្មេងឆ្លងកូវីដ១៩ នៅហ្វ្លរីដា កើនឡើងខ្លាំង ចាប់តាំងពីប្រកាស បើកសាលាឡើងវិញ

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយថា ចំនួនកុមារដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ មានចំនួនកើនឡើងដល់ទៅ ៣៤ ភាគរយនៅក្នុងរដ្ឋហ្វ្លរីដា ចាប់តាំងពីសាលារៀន នៅទូទាំងរដ្ឋមួយនេះ បានដំណើរការឡើងវិញ កាលពីខែមុន។

របាយការណ៍នេះ បានដកស្រង់ទិន្នន័យ ពីនាយកដ្ឋានសុខាភិបាល របស់រដ្ឋដោយបញ្ជាក់ទៀតថា មានកុមារចំនួន ១០៥១៣ នាក់ ដែលស្ថិតនៅអាយុក្រោម ១៨ ឆ្នាំ បានធ្វើតេស្ត៍វិជ្ជមាន ចាប់តាំងពីសាលារៀន បានចាប់ផ្តើមបើកដំណើរការវិញ នៅដើមខែសីហា នៅក្នុងរដ្ឋ ដែលវាជាចំនួនកើនឡើង ៣៤ ភាគរយ។ មកដល់ពេលនេះ នៅមិនច្បាស់ទេ ថាតើកុមារទាំងនោះ មានចំនួនប៉ុន្មាននាក់ ដែលបានចូលរៀននៅសាលា ឬរៀនតាមអនឡាញ។

របាយការណ៍នេះ បាននិយាយថា សាលារៀនមួយចំនួន និងថ្នាក់រៀនរាប់សិប នៅក្នុងរដ្ឋមកដល់ពេលនេះ ត្រូវបានប្រកាសបិទវិញ ជាបណ្តោះអាសន្ន ហើយដោយសារ តែការផ្ទុះឡើងវិញនៃ វីរុសនេះ ហើយមានការអះអាងថា តំបន់ខ្លះបានព្យាយាមរក្សាតួលេខនេះ ជាការសម្ងាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top