Covid-19

វីរុសបំលែងថ្មី Delta វាយលុកខេត្ត ៧៤ ក្នុងចំណោមខេត្ត ៧៧ នៅប្រទេសថៃ

បរទេស៖ វីរុសដែលបំលែងខ្លួនថ្មីប្រភេទ Delta នៅក្នុងប្រទេសថៃ ដែលត្រូវបានរកឃើញនៅក្នុងខេត្ត ៧៤ ក្នុងចំណោម ៧៧ ខេត្ត ហើយនៅតែមិនមានសញ្ញានៃវីរុសដែលបំលែងខ្លួនថ្មី ប្រភេទ Lambda មកពីអាមេរិកខាងត្បូង នោះទេ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោក Supakit Sirilak បាននិយាយថា ការស្ទង់មតិចៃដន្យលើអ្នកជំងឺកូវីដ -១៩ ចំនួន ២ ៥៤៧ នាក់ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា បានរកឃើញថា ១ ៩៩៣នាក់ (៧៨.២%) មានវីរុសបំលែងខ្លួនថ្មី Delta (រកឃើញដំបូងនៅឥណ្ឌា), អ្នកជំងឺ ៥៣៨នាក់ (២១.២%) មានវីរុសបំលែងខ្លួនថ្មី ប្រភេទ Alpha (រកឃើញដំបូងនៅអង់គ្លេស) ) និង ១៦នាក់ (០,៦%) មានវីរុសបំលែងខ្លួនថ្មី ប្រភេទ Beta (ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង) ។

សំណាករួមមានអ្នកជំងឺ ១ ២២៩ នាក់នៅទីក្រុងបាងកក ដែលក្នុងនោះ ១ ០៥៩ នាក់ (៨៦.២%) បានឆ្លងមេរោគវីរុស Delta , អ្នកជំងឺ ១៧០នាក់ (១៣.៨%) ឆ្លងវីរុស Alpha ហើយគ្មាននរណាម្នាក់មានវីរុស Beta នោះទេ។

នៅតាមបណ្តាខេត្តផ្សេងទៀតការស្ទង់មតិបានគ្របដណ្តប់លើអ្នកជំងឺចំនួន ១ ៣១៨ នាក់ ដែលក្នុងនោះ ៩៣៤ នាក់(៧០.៩%) មានវីរុស Delta, អ្នកជំងឺ ៣៦៨ នាក់ (២៧.៩%) ឆ្លងវីរុស Alpha និង ១៦នាក់ (១.២%) ឆ្លងវីរុស Beta ៕

ប្រែសម្រួលៈ ណៃ តុលា

To Top