ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ទៅកាន់ អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឲ្យបាន រួចរាល់ទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី៣ ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ សីហា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ តទៅ។
លោកស្រី បញ្ជាក់ថា «អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ»។
លោកស្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នក នៅតាមទីតាំង និងពេលវេលាដែលនឹងរៀបចំដោយរដ្ឋបាលខេត្តទាំង៧ខាងលើ៕