សេដ្ឋកិច្ច

កូវីដ១៩ ៖ ៥ខែឆ្នាំនេះ ការនាំចេញកម្ពុជា នៅតែវិជ្ជមាន

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា ទោះបីជាវិបត្តិកូវីដ១៩បានវាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ តែ៥ខែដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានសភាពវិជ្ជមាន ដដែល។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជ រដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមកក្នុងការឆ្លេីយ តបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិសុទ្ធ បានថ្លែងថា ៥ខែនេះ វិស័យកាត់ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុ ទីផ្សារអឺរ៉ុបនិងអាមេរិកមួយចំនួន បានផ្អាកការបញ្ជា ទិញសិន ព្រោះតែវិបត្តិកូវីដ១៩ ។

លោកបន្តថា “ប៉ុន្តែយើងមើលវត្ថុផ្សេងទៀតដែល យើងនាំចេញ យើងអត់ទាន់ធ្លាក់ ។ ឧទាហរណ៍ ទំនិញកសិកម្ម ទំនិញមែនកាត់ដេរដូចជា កង់ អេឡិចត្រូនិច វាកើន។ ៥ខែដំបូងនេះ ការនាំចេញរបស់យើង ធៀប នឹងឆ្នាំទៅ មិនទាន់អវិជ្ជមានទេ នៅបូកនៅឡើយទេ”។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា ក្នុងរដូវកាលកូវីដ១៩នេះ រាជរដ្ឋាភិបាលបានត្រៀមថវិកាជាតិជាង១០០០លានដុល្លារ។

លោកបន្ថែមថា “ចំណាយទៅលើកូវីដ ចង់សរុបថា មួយរយៈចុងក្រោយសរុបទៅនេះ យើងត្រៀមលុយចំណាយទៅលើកូវីដ១៩ ទាំងជំងឺ ទាំងប៉ះពាល់សង្គម និងជួយដល់វិស័យឯកជនជាថវិកាជាតិ មាន ១១៦៤ លានដុល្លារ”។

ជាមួយគ្នានោះលោកបញ្ជាក់ទៀតថា សម្រាប់ជំនួយសង្គម រាជរដ្ឋាភិបាល ក៏បានត្រៀមថវិកា ចំនួន ៣០០លានដុល្លារ សម្រាប់ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងកំឡុងពេលកូវីដ១៩នេះ។ លោកថា ខែសីហា គ្រួសារក្រីក្រនិងងាយរងគ្រោះ នឹងកើនចំនួន២ម៉ឺនគ្រួសារបន្ថែមទៀត ហើយរាជរដ្ឋាភិបាល បានត្រៀមថវិកាទុករួចរាល់ហើយផងដែរ ដើម្បីចំណាយទៅលើពួកគេ។

លើសពីនេះទៀត លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា មូលនិធិកូវីដ១៩ ដែលបានមកពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនានា ចូលរួមបរិច្ចាគ ប្រាក់ខែផ្ទាល់ខ្លួននោះ រហូតមកដល់ពេលនេះ កើនឡើងដល់២០លានដុល្លារហើយ។

ទាក់ទងការខ្ចីលុយពីបរទេសយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍កម្ពុជានោះ លោកបញ្ជាក់ថា កម្ពុជានៅខ្ចីលុយបរទេសតិចនៅឡើយ។

លោកបន្ថែមថា “សំណាងយើងនៅមានចន្លោះច្រើនរដ្ឋ ដោយសារ យើងនៅជំពាក់បំណុលគេនៅតិច ។ ខ្ចីគេមិនទាន់ខ្ចីអស់ផង គេមកអង្វរឲ្យខ្ចី ។ យើងមិនទាន់ប្រើអស់ផង បំណុលយើងនៅទាប”។

លោកសង្កត់ធ្ងន់ថា ប៉ុន្តែការខ្ចីលុយគេច្រើនលើសលុប មិនអាចដោះស្រាយបញ្ហាបានទេ ដែលតម្រូវឲ្យមានការចំណាយឲ្យត្រូវ និងចំណាយទៅតាមនីតិវិធី មួយដើម្បីឲ្យមានប្រសិទ្ធភាព នូវការប្រើប្រាក់កម្ចីសម្រាប់ ធនធានសាធារណៈទាំងអស់ផងដែរ ៕ ដោយ៖ធី លីថូ

To Top