ហុងកុង៖ ក្រុមអ្នកតវ៉ាហុងកុង បានវាយប្រហារបណ្តាញ ដឹកជញ្ជូនរបស់ទីក្រុងហុងកុង រយៈពេលពីរថ្ងៃ ដែលកើតឡើងកាលពី ថ្ងៃអង្គារ នៅពេលដែលមហាអំណាច លោកខាងលិច បានសម្តែងការព្រួយបារម្ភចំពោះ អំពើហឹង្សារីករាលដាល បន្ទាប់ពីប៉ូលីស បានបាញ់បាតុករវ័យក្មេងម្នាក់ និងបុរសម្នាក់ទៀតដោយកាំភ្លើងគ្រាប់ពិត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមបាតុករពាក់ម៉ាស់មួយ ក្រុមតូច បានបិទផ្លូវ, គប់វត្ថុនានាលើផ្លូវរថភ្លើង និងបានបញ្ឈប់រថភ្លើងក្រោមដី បង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលីសប្រឆាំងកុប្បកម្ម និងបានបង្កភាពវឹកវរឡើងវិញនៅពេលព្រឹក។
សាកលវិទ្យាល័យនានា ក៏ជាចំណុចផ្ទុះហឹង្សាមួយផងដែរដោយ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ដែលបានបិទផ្លូវ ដែលឆ្ពោះទៅសាកលវិទ្យាល័យចិនហុងកុង។
ក្រុមសកម្មជនពាក់ម៉ាសនៅខាងក្រៅសាកលវិទ្យាល័យ ហុងកុង បានបិទផ្លូវធំមួយ ដោយទម្លាក់វត្ថុពីលើស្ពានតូច។ ពេញមួយយប់ និស្សិតនៅទីនោះបានប៉ះទង្គិចជាមួយ ប៉ូលីស បន្ទាប់ពីប៉ូលីសបានធ្វើការចាប់ខ្លួន មនុស្សម្នាក់ នៅខាងក្រៅកន្លែងស្នាក់នៅរបស់ សាកលវិទ្យាល័យ៕ ប្រែសម្រួលៈ ណៃ តុលា