ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ នៅអាហ្គានីស្ថាន ស្លាប់យោធាអាមេរិក២នាក់

បរទេស: USA Today ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ បានសរសេរថា យោធារបស់សហរដ្ឋអាមេរិក ដែលមិនបានបញ្ជាក់អត្តសញ្ញាណ បានអះអាងថា យោធាអាមេរិកចំនួនពីរនាក់ បានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ឧទ្ធម្ភាគចក្រមួយ នៅព្រឹកថ្ងៃថ្ងៃពុធនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី ការធ្លាក់លើកនេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែយោធាដដែលបាននិយាយថា របាយការណ៍បឋមបានបង្ហាញថា ឧប្បត្តិហេតុនេះ មិនមែនបណ្តាលមកពីការ បាញ់ប្រហារណាមួយពីសត្រូវរបស់ខ្លួនទេ ទោះបីមានការអះអាងពីពួកតាលីបង់ថា ខ្លួនគឺជាអ្នកដែលបានបាញ់ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលកំពុងហោះហើរ នៅក្នុងខេត្ត Logar ភាគខាងកើតនៃប្រទេសនេះ។

ការស្លាប់របស់យោធាអាមេរិកចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ ដោយការប្រយុទ្ធ របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ក្នុងប្រទេសអាហ្វហ្គានីស្ថាន កើនដល់១៩នាក់ហើយ។

បច្ចុប្បន្នវត្តមានកងទ័ពអាមេរិក ដែលនៅសល់មានប្រហែលជា ១៤០០០ នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទាហានអាមេរិក ចំនួន២៤០០នាក់ ហើយដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១៕

ប្រែសម្រួល:ស៊ុនលី

To Top