ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់សច្ចាសងសឹក ជាមួយអាមេរិក បន្ទាប់ក្រុងវ៉ាស៊ីនតោន សារភាពថា បានសម្លាប់មន្រ្តីយោធា ជាន់ខ្ពស់របស់ខ្លួន

បរទេស៖ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ថា មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) ឧត្តមសេនីយ៍ឯក Qasem Soleimani ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ដែលបានវាយប្រហារគោលដៅជាច្រើន ។ អ្នកស្លាប់ រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួន របស់កងកំលាំងចលនាប្រជាប្រិយសៀ របស់អ៊ីរ៉ាក់ (PMF) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Mohsen Rezaee មន្រ្តីយោធាជាន់ខ្ពស់នៅក្នុង IRGC បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់នឹងឆ្លើយតប ចំពោះការស្លាប់របស់លោកឧត្តមសេនីយ៍ Soleimani ។ លោក Rezaee អតីតប្រធាន កងឆ្មាំបដិវត្តឥស្លាម បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ នូវការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅព្រឹកថ្ងៃសុក្រ នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ ដើម្បីសម្លាប់មេបញ្ជាការកងកម្លាំងពិសេស Quds នៃកងកំលាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ គឺឧត្តមសេនីយ៍ Qasem Soleimani តាមការបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ។

មន្ទីរបញ្ចកោណបាននិយាយថា“ តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី យោធាសហរដ្ឋអាមេរិក បានចាត់វិធានការការពារ ដើម្បីការពារបុគ្គលិកអាមេរិកនៅបរទេស ដោយសម្លាប់លោក Qasem Soleimani ប្រធានកងកម្លាំង Quds របស់អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលជាអង្គការភេរវកម្មបរទេស ដែលកំណត់ដោយសហរដ្ឋអាមេរិក” ។

យោងតាមសេចក្តីថ្លែងការណ៍ គឺឧត្តម Soleimani ដែលបានស្លាប់នោះ កំពុងរៀបចំផែនការ ដើម្បីវាយប្រហារទៅលើអ្នកការទូតអាមេរិក និងយោធាអាមេរិក នៅអ៊ីរ៉ាក់និងមជ្ឈឹមបូព៌ា៕ ប្រែសម្រួលៈ ណៃ តុលា

To Top