ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធា ដ៏មានឥទ្ធិពល របស់អ៊ីរ៉ាក់ ចោទអាមេរិកថា វាយប្រហារ ដោយមីស៊ីល សម្លាប់មេបញ្ជាការ កំពូលអ៊ីរ៉ង់ និងអ៊ីរ៉ាក់

បាកដាដ៖ មេបញ្ជាការកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់សហរដ្ឋអាមេរិក លើអាកាសយានដ្ឋាន អន្តរជាតិ របស់ទីក្រុង បាកដាដ នៅព្រឹកថ្ងៃសុក្រនេះ ។ បើតាមការអះអាង របស់កងកម្លាំងយោធាយោធាប្រតិព័ន្ធ Hashed al-Shaabi ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ាក់ បានឱ្យដឹងថា នេះគឺជា ការបង្កើនភាពតានតឹងមួយកម្រិតទៀត រវាងរដ្ឋាភិបាលទីក្រុង វ់ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេបញ្ជាការរង របស់កងកម្លាំង Hashed ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារនេះ ដែលការវាយប្រហារ ដោយមីស៊ីលនេះ បានកើតឡើងបន្ទាប់ពីហ្វូងមនុស្សគាំទ្រអ៊ីរ៉ង់ នៅសប្តាហ៍នេះ បានឡោមព័ទ្ធស្ថានទូតអាមេរិក បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក បានសម្លាប់ទៅលើក្រុម ដែលប្រកាន់ជំហររឹងប៉ឹង Hashed ។

កងកម្លាំងយោធាយោធាប្រតិព័ន្ធ Hashed al-Shaabi ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍នៅព្រឹកថ្ងៃសុក្រថា “អនុប្រធានរងនៃក្រុម Hashed លោក Abu Mahdi al-Muhandis និងប្រធានកងកម្លាំង Quds របស់កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់សហរដ្ឋអាមេរិក ដែលបានកំណត់គោលដៅ រថយន្តរបស់ពួកគេនៅលើផ្លូវអាកាស យានដ្ឋានអន្តរជាតិ Baghdad” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top