ព័ត៌មានអន្តរជាតិ

ឥណ្ឌាត្រៀមខ្លួន ចុះចតលើភពព្រះច័ន្ទសាជាថ្មី ក្រោយបរាជ័យកាលពីឆ្នាំទៅ

បរទេស: នៅសប្តាហ៍នេះ ប្រទេសឥណ្ឌាបានប្រកាសពីបំណង ក្នុងការចុះចតឋានព្រះច័ន្ទជាលើកទី២ បន្ទាប់ពីការប៉ុនប៉ងកាលពីឆ្នាំមុន បានប្រព្រឹត្តទៅត្រឹមបរាជ័យតែប៉ុន្មាននាទី មុនពេលចុះចតនៅលើផ្ទៃភព ក្នុងគោលបំណងដើម្បីស្តារមុខមាត់របស់ខ្លួន ក្នុងនាមជាប្រទេស ដែលមានបច្ចេកវិទ្យាខ្លាំងមួយដែរនោះ។

លោក K. Sivan ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា បាននិយាយថា បេសកកម្មឋានព្រះច័ន្ទ នៃយានអាវកាស Chandrayann-3 ទំនងជាអាចធ្វើឡើងនៅក្នុងឆ្នាំនេះ នឹងមានកន្លែងចុះចតទៅតាមគន្លង ដែលត្រូវបានធ្វើឡើង ដោយបេសកកម្មលើកមុន។ លោកបានបន្ថែមដែរថា អំពីការវិវត្តលើបេសកកម្មអវកាសដំបូង ដោយមនុស្សបើករបស់ឥណ្ឌាផងដែរ ហើយវាកំពុងស្ថិតនៅក្នុងតំណាក់កាល ស្វែងរកអវកាសយានិកចំនួន ៤ នាក់នៅពេលនេះ។

គួរឲ្យដឹងដែរថា ឥណ្ឌានិងចិន កំពុងព្យាយាមបង្កើតវត្តមាន នៅក្នុងវិស័យរុករក និងស្រាវជ្រាវអវកាសរបស់ខ្លួនយ៉ាងខ្លាំង។ ស្របពេលដែលប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានចុះចតយាននៅចម្ងាយឆ្ងាយនៃព្រះចន្ទ ប្រទេសឥណ្ឌាមានគោលបំណង ដើម្បីចាប់យកប៉ូលខាងត្បូង ដែលជាកន្លែងតែមួយ ដែលអង្គការណាសា កំពុងកំណត់ទិសដៅនៅឆ្នាំ ២០២៤ ជាមួយនឹងបេសកកម្មរបស់ខ្លួន ផងដែរនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top