ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្នើឱ្យកាណាដា ចែករំលែកព័ត៌មាន អំពីការធ្លាក់យន្តហោះ អ៊ុយក្រែន ក្រោយការចោទប្រកាន់ របស់លោក Justin Trudeau

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ អន្ដរជាតិអ៊ុយក្រែន (UIA) Boeing 737-800 បានធ្លាក់កាលពីថ្ងៃទី ៨ ខែមករា ដោយបាន សម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ រួមទាំងសមាជិកនាវិក ៩ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្លូវការមួយថា ប្រទេសអ៊ីរ៉ង់បានស្នើសុំឱ្យក្រុមហ៊ុន Boeing បញ្ជូនអ្នកតំណាងម្នាក់ ឱ្យចូលរួមក្នុងការស៊ើបអង្កេត លើការធ្លាក់យន្ដហោះអ៊ុយក្រែន នៅជិតទីក្រុងតេអេរ៉ង់ ។

រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានស្នើឱ្យប្រទេស កាណាដា ចែករំលែកព័ត៌មាន អំពីការធ្លាក់យន្តហោះនេះ បន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់លោក Trudeau នាយករដ្ឋមន្រ្តីកាណាដា ។

អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Abbas Mousavi បាននិយាយថា « [អ៊ីរ៉ង់] ស្នើដល់នាយករដ្ឋមន្រ្តីកាណាដា និងរដ្ឋាភិបាលដទៃទៀត ចែករំលែកព័ត៌មានអំពីឧប្បត្តិហេតុនេះ ដែលពួកគេមាននៅក្នុងគណៈកម្មាធិការ ទទួលបន្ទុកស៊ើបអង្កេតលើ ឧប្បត្តិហេតុធ្លាក់យន្តហោះនៅអ៊ីរ៉ង់” ។

នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បាននិយាយនៅមុនថ្ងៃនោះថា លោកមានព័ត៌មានស៊ើបការណ៍សម្ងាត់ពីប្រភពជាច្រើនដែលថា យន្ដហោះអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធ មីស៊ីលការពារអាកាសអ៊ីរ៉ង់៕

ប្រែសម្រួលៈ ណៃ តុលា

To Top