ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បិទការិយាល័យទំនាក់ទំនង Kaesong

បរទេស៖ ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា បិទជាបណ្ដោះអាសន្ន នូវការិយាល័យអន្តរទំនាក់ទំនង នៅក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាង បង្កើនវិធានការប្រឆាំងការរីករាលដាល នៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន ជាទីដែលមានមនុស្សចំនួន៧០នាក់ បានស្លាប់បាត់បង់ជីវិត។

ក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការិយាល័យនេះត្រូវបានបិទ ហើយបុគ្គលិកកូរ៉េខាងត្បូង ចំនួន៥៨នាក់ ត្រូវបានបញ្ជូលឲ្យត្រឡប់ទៅប្រទេសវិញ នៅពេលល្ងាចម្សិលមិញនេះ នេះបើយោងតាមការចេញផ្សាយ របស់បណ្ដាញទូរទស្សន៍ MBC។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ បានប្រកាសភាពអាសន្នថ្នាក់ជាតិ ជុំវិញការផ្ទុះនៃកូរ៉ូណាវីរុស ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កាសែតកូរ៉េខាងជើង Rodong Sinmun បាននិយាយថា ការទប់ស្កាត់វីរុសនេះ គឺជាបញ្ហានយោបាយដ៏សំខាន់ ពាក់ព័ន្ធការការរស់រានរបស់ជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top