ព័ត៌មានអន្តរជាតិ

វៀតណាម ផ្តល់ ៥០ម៉ឺនដុល្លារដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរលាកសួត កូរ៉ូណាវីរុស

បរទេស៖ រដ្ឋាភិបាលវៀតណាម នឹងបរិច្ចាគទំនិញនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តដែលមានតំលៃ ៥០០,០០០ ដុល្លារ ដើម្បីជួយប្រទេសចិន ក្នុងការដោះស្រាយការរីករាលដាល នៃមេរោគរលាកសួតថ្មី កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្សកើនឡើងដល់ ២៥៩នាក់ នៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រៅពីនេះកាកបាទក្រហមវៀតណាម នឹងផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លារ ជាជំនួយស្រដៀងគ្នាដោយផ្ទាល់ដល់តំបន់ចំនួន ៣១ ក្នុងប្រទេសចិន រួមទាំងទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ។

ប្រទេសវៀតណាមក៏បានស្នើសុំខេត្តចំនួន ៧ នៅភាគខាងជើងដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិនផងដែរ ដូចជាខេត្ត Dien Bien, Lai Chau, Lao Cai, Ha Giang, Cao Bang, Lang Son និងខេត្ត ហ្គាងនិញ ដើម្បីផ្តល់ជំនួយទាំងអស់ដែលពួកគេអាចធ្វើបានសម្រាប់ប្រជាជនចិន។

លោកនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បាននិយាយកាលពីដើមសប្តាហ៍នេះថាប្រទេសវៀតណាមមានឆន្ទៈក្នុងការសម្របសម្រួលកិច្ចខិតខំ ប្រឹងប្រែងយ៉ាងសកម្មជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃមេរោគថ្មីនេះ។

នៅក្នុងលិខិតផ្ញើជូនសមភាគីចិនលោក លី ខឹឈាង លោក ហ្វុក បានសម្តែងនូវការអាណិតអាសូរ ចំពោះការខាតបង់ និងការលំបាក ដែលប្រជាជនចិនកំពុងជួបប្រទះ និងសង្ឃឹមថា ជាមួយនឹងបទពិសោធន៍ដ៏ធំធេងរបស់ខ្លួនក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ក្នុងឆ្នាំ ២០០៣ ប្រទេសចិននឹងបញ្ឈប់ជំងឺនេះ បានដោយជោគជ័យក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា វីរុសនេះបានរាលដាលពីប្រទេសចិនដីគោក ដល់ហុងកុង ម៉ាកាវ ថៃ សិង្ហបុរី កោះតៃវ៉ាន់ ម៉ាឡេស៊ី ជប៉ុន អូស្រ្តាលី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់ កាណាដា វៀតណាម ប្រទេសអេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប នេប៉ាល់ កម្ពុជា ស្រីលង្កា ឥណ្ឌា ហ្វីលីពីន អង់គ្លេស ហ្វាំងឡង់ ស៊ុយអែត និងអេស្ប៉ាញ។ មនុស្សជិត ១២.០០០ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។

អាជ្ញាធរចិនបាននិយាយថាមនុស្ស ២៥៩ នាក់បានស្លាប់ដោយសារការឆ្លងវីរុសនេះនៅព្រឹកថ្ងៃសៅរ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top