ព័ត៌មានអន្តរជាតិ

ចិនផ្ទុះជំងឺ គ្រុនផ្តាសាយបក្សី ថែមមួយទៀត ក្នុងពេលដែលកំពុង ញាំញី ដោយវីរុស កូរ៉ូណា ដែលបណ្តាលឱ្យ អ្នកស្លាប់ កើនដល់ជាង ៣២០នាក់

បរទេស៖ ខណៈពេលដែលចំនួនអ្នកស្លាប់ វីរុស វ៉ូហាននៅតែបន្តកើនឡើងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការឆ្លងដ៏គ្រោះថ្នាក់មួយទៀត ខណៈដែលអាជ្ញាធរមូលដ្ឋានបានរកឃើញថា មានវីរុស H5N1 ថ្មីដែលគេស្គាល់ជាទូទៅថាជាជំងឺផ្តាសាយបក្សី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្មចិនបាននិយាយនៅថ្ងៃអាទិត្យថា មានការផ្ទុះជំងឺផ្តាសាយបក្សីថ្មី H5N1 នៅក្នុងខេត្តហ៊ូណាន ប៉ុន្តែបានអះអាងថា គ្មានករណីនៃការប៉ះពាល់មនុស្ស ត្រូវបានចុះបញ្ជីនោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 បានកើតឡើងនៅកសិដ្ឋានមួយក្នុងសង្កាត់ Shuangqing នៃទីក្រុង Shaoyang ខេត្ត Hunan” ។ លោកបន្ថែមថាកសិដ្ឋាន ដែលឆ្លងជំងឺនេះមានសត្វបក្សីប្រមាណ ៧៨៥០ ក្បាល ហើយបក្សីប្រមាណ ៤៥០០ ក្បាលបានងាប់ដោយសារជំងឺនេះ។

សូមជម្រាបថា វីរុស H5N1 ត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងពិភពលោក ក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០០៩-២០១០ និងម្តងទៀតនៅឆ្នាំ ២០១៣-២០១៤ ។ ទាំងពីរដងអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ បានខិតខំរួមគ្នាដើម្បីទប់ស្កាត់ ការឆ្លងរាលដាលដ៏គ្រោះថ្នាក់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top