បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកដំណើរចំនួន ១០ នាក់ ដែលជិះនៅលើនាវាទេសចរណ៍មួយ ដែលនៅដាច់ឆ្ងាយពីទីក្រុងយូកូហាម៉ា បានឆ្លងវីរុសកូរ៉ូណា វីរុស ដែលកំពុងរីករាលនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលការងារ និងសុខុមាលភាពជប៉ុនលោក Katsunobu Kato បានបញ្ជាក់ពីព័ត៌មាននេះដោយបន្ថែមថា អ្នកដំណើរចំនួន ២៧៣ នាក់ដែលមានទំនាក់ទំនងជាមួយបុរសឆ្លងដំបូង ត្រូវបានគេធ្វើតេស្តរកមេរោគនេះ។
មេរោគ 2019-nCov ត្រូវបានចុះបញ្ជីនៅទីក្រុង វូហាន ខេត្ត Hubei ប្រទេសចិន ហើយចាប់តាំងពីពេលនោះមក មេរោគនេះបានរីករាលដាលដល់ ២៤ ប្រទេស ដោយយ៉ាងហោចណាស់មាន ១៧៦ ករណី ត្រូវបានចុះឈ្មោះនៅក្រៅប្រទេសចិន រហូតមកដល់ពេលនេះ។
នៅប្រទេសចិនចំនួនមនុស្ស ដែលបានស្លាប់ដោយសារជំងឺឆ្លងវីរុស បានកើនឡើងដល់ ៤៩០ នាក់ហើយដែលមានចំនួនសរុប ២៤.៣២៤ នាក់បានឆ្លងជំងឺនេះ និងមានអ្នកស្លាប់ម្នាក់ ត្រូវបានចុះឈ្មោះ នៅក្នុងប្រទេសហ្វីលីពីន៕ ប្រែសម្រួលៈ ណៃ តុលា