បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយយន្តហោះយោធាចិនមួយគ្រឿង បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាសកូរ៉េ នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ News 1 បានរាយការណ៍ប្រាប់ថា យន្តហោះស៊ើបការណ៍ សម្ងាត់យោធាចិន Y-9 ហោះហើរចូលក្នុងតំបន់ដែនអាកាស ដែលកូរ៉េខាងត្បូងអះអាងកម្មសិទ្ធិ អស់រយៈពេល ៣៥នាទី ដោយគ្មានផ្តល់ការជូនដំណឹងមុននោះឡើយ។ 
យោងតាមសេចក្តីរាយការណ៍ តំបន់ការពារដែនអាកាស គឺមិនមែនជាដែនអាកាសផ្លូវការ គឺនៅត្រួតស៊ីគ្នានឹងដែនអាកាស អធិបតេយ្យភាពនោះទេ ហើយយន្តហោះយោធាចិន មិនបានចូលទៅក្នុងដែនអាកាសអធិបតេយ្យភាព កូរ៉េខាងត្បូងឡើយ ៕
ប្រែសម្រួល៖ ប៉ាង កុង
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									