បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នាពេលថ្មីៗនេះ បានផ្តល់ដកទណ្ឌកម្មពីប្រទេសវេណេស៊ុយអេឡា ប្រសិនបើគណបក្សប្រឆាំង និងគណបក្សសង្គមនិយម របស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បង្កើតរដ្ឋាភិបាល អន្តរកាលបណ្ដោះអាសន្ន ជាមួយគោលបំណងឲ្យប្រារព្ធធ្វើការបោះឆ្នោត ជ្រើសប្រធានាធិបតី ដោយសេរី និងស្មើភាព ក្នុងពេលក្រោមមួយឆ្នាំ។
ក្រសួងការបរទេស តាមសេចក្តីរាយការណ៍ បានបង្ហាញផែនការមាន១៣ចំណុច នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយរយៈពេលជាងមួយឆ្នាំនៃការប៉ុនប៉ងឲ្យបុរសខ្លាំង គឺលោក ម៉ាឌូរ៉ូ ចុះចេញពីអំណាច តាមរយៈការបង្កើនការ ដាក់ទណ្ឌកម្មលើរូបលោក រដ្ឋាភិបាលរបស់លោក និងមនុស្សផ្សេងទៀត ដែលរដ្ឋបាលលោក ត្រាំ ចោទប្រកាន់ថា រក្សាការពារឲ្យលោក ម៉ាឌូរ៉ូ នៅដឹកនាំប្រទេស។
ក្រោមផែនការនោះ លោក ម៉ាឌូរ៉ូ នឹងត្រូវផ្តល់ការកាន់អំណាចជាមេដឹកនាំប្រទេស ឲ្យទៅរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលនឹងមានមនុស្សពីររូប ត្រូវបានបោះឆ្នោតជ្រើស ពីគណបក្សប្រឆាំងរបស់លោក Juan Guaido មនុស្សពីរនាក់បោះឆ្នោតជ្រើសមកពីគណបក្សសង្គមនិយមរបស់លោក ម៉ាឌូរ៉ូ និងសមាជិកទី៥មួយរូប ត្រូវមន្ត្រីជាប់ឆ្នោតទាំង៤រូបជ្រើសរើស ឲ្យធ្វើជាប្រធានាធិបតី ហើយបុគ្គលរូបនេះ នឹងត្រូវហាមមិនឲ្យឈរឈ្មោះ ជាប្រធានាធិបតី ក្នុងដំណើរបោះឆ្នោតជាតិ៕
ប្រែសម្រួល៖ ប៉ាង កុង